ឃា..តកម្ម ! សម្លាប់បុរសម្នាក់ នៅសង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យកន្លងទៅមួយឆ្នាំហើយ តែឃាតកមិនទាន់ចាប់បាន គ្រួសារអំពាវនាវស្វែងរកយុត្តិធម៌

(កំពង់ស្ពឺ)៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ ក្នុងផ្ទះមួយកន្លែងស្ថិតនៅភូមិដំណាក់ស្មាច់ សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ដោយសង្ស័យជាករណីឃាតកម្ម ប៉ុន្ដែមកទល់ខែមិថុនា ឆ្នាំ២០២៥នេះ កន្លងទៅមួយឆ្នាំហើយ កម្លាំងសមត្ថកិច្ចមិនទាន់អាចស្រាវជ្រាវដើម្បីស្វែងរកឃាតករបាននៅឡើយទេ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះដែលប្រទះឃើញដេកស្លាប់ឈ្មោះ ឃ្លោក សួរ អាយុ៧៩ឆ្នាំ។
តាមការបំភ្លឺរបស់ឈ្មោះ ឃ្លោក រក្សា អាយុ៤៤ឆ្នាំ រស់នៅភូមិសង្កាត់កើតហេតុ (ត្រូវជាកូនបង្កើតរបស់សព) បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៨៖០៥នាទី ខ្លួនបានយកនំបញ្ចុក មកឲ្យជនរងគ្រោះដែលត្រូវជាឪពុកបង្កើតរបស់ខ្លួននៅចំណុចកើតហេតុខាងលើ។ លុះមកដល់ថ្ងៃទី១៦ ខែឆ្នាំដដែល ដោយមិនឃើញឪពុករបស់ខ្លួនមកផ្ទះវិញ និងបានតេទូរស័ព្ទ តែតេមិនចូលខ្លួនក៏បានជិះម៉ូតូមកមើលឪពុករបស់ខ្លួននៅចំណុចកើតហេតុខាងលើ។
ពេលមកដល់ឃើញទ្វាររបងចំការចាក់សោរពីខាងក្នុង ហើយខ្លួនក៏បានស្រែកហៅឪពុក ប៉ុន្តែមិនមានអ្នកណាឆ្លើយទេ។ ពេលនោះខ្លួនក៏បានឡើងតាមរបង និងបានចូលទៅមើលក្នុងផ្ទះ ក៏បានឃើញសាកសពឪពុក របស់ខ្លួនដេកស្លាប់ផ្កាប់មុខ ដៃទាំងពីរចង់ផ្គួបគ្នាដោយក្រម៉ា។ តាំងពីពេលនោះមក សមត្ថកិច្ចបានបញ្ជាក់ថា នឹងបន្ដស្រាវជ្រាវដើម្បីស្វែងរកឃាតករយកមកផ្ដន្ទាទោសតាមច្បាប់ ប៉ុន្ដែនៅពេលនេះរយៈពេល១ឆ្នាំហើយ ពន្លឺនៃការស្រាវជ្រាវងងឹតដូចយប់។
ក្រុមគ្រួសាររបស់ជនរងគ្រោះ តាមរយៈបណ្ដាញព័ត៌មាន បានធ្វើការអំពាវនាវយ៉ាងទទូចដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ ដើម្បីពន្លឿនការស្រាវជ្រាវឈានទៅរកចាប់ខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមច្បាប់ និងដើម្បីក្រុមគ្រួសារទទួលបានយុត្តិធម៌៕

អត្ថបទដែលជាប់ទាក់ទង