បញ្ជូនជនសង្ស័យជាក្មេងទំនើង ០៣នាក់ មកតុលាការខេត្ត ករណីជិះម៉ូតូដេញគ្នា និងមានអូសដាវ អុកឡុកក្នុងមូលដ្ឋានក្រុងស្វាយរៀង
ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបញ្ជូនជនសង្ស័យជាក្មេងទំនើងចំនួន ០៣នាក់ មកតុលាការខេត្តស្វាយរៀង ករណីជិះម៉ូតូដេញគ្នា និងមានអូសដាវ អុកឡុកក្នុងមូលដ្ឋានក្រុងស្វាយរៀង ។
យោងតាម លោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀងអោយដឹងនៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២៥នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់ របស់លោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលបាលខេត្តស្វាយរៀង ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្មេងទំនើងអុកឡុកក្នុងមូលដ្ឋាន និងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ/សង្កាត់ មានសុវត្ថិភាព នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល បានធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ០៣នាក់ យកមកសាកសួរបន្ត។
ក្មេងទំនើង បានឆ្លើយសារភាពថា ក្រុមរបស់ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើពិតប្រាកដមែន។
លោកបានបន្ថែមថា កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាល បានទទួលព័ត៌មានតាមរយ:បណ្តាញសង្គមហ្វេសប៊ុក ថាមានក្រុម ក្មេងៗមួយក្រុម ជិះម៉ូតូដេញគ្នា និងមានអូសដាវនៅត្រង់ចំណុចមាត់ទន្លេ ទំនប់តាណេង ស្ថិតក្នុងភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង រហូតដល់ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករំដួល បានឈានទៅដល់ ឃាត់ខ្លួនក្រុមក្មេងទំនើងបានចំនួន ០៣នាក់ បានតែម្ដង៕