លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ដឹកនាំគណៈប្រតិភូសមាគមឧកញ៉ា ចុះសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនកងទ័ពកំពុងឈរជើង នៅជួរមុខការពារព្រំដែនកម្ពុជា-ថៃ

(ព្រះវិហារ)៖ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូសមាគមឧកញ៉ារួមមាន អ្នកឧកញ៉ា និងឧកញ៉ា ជាច្រើនរូបចូលរួមក្នុងដំណើរចុះសួរសុខទុក្ខ និងនាំយកថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនប្រគល់ជូន កងទ័ពដែលកំពុងឈរជើងនៅជួរមុខការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារ ក្រោមការដឹកនាំដោយនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស។

សូមបញ្ជាក់ថា សមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ៨៥រូបបានរួមគ្នាឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដើម្បីសម្តែងក្តីស្រឡាញ់រាប់អាន និងដឹងគុណចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពទាំងអស់ ដែលលះបង់សេចក្តីសុខ ផ្ទាល់ខ្លួនដើម្បីការពារទឹកដី និងការពារសេចក្តីសុខរបស់ ប្រជាពលរដ្ឋទូទាំងប្រទេសដែលមានដូចជា៖

អំណោយជាថវិកាមាន៖ ជាប្រាក់ដុល្លារចំនួន ២០៥,៧៦៥ ដុល្លារអាម៉េរិក និងជាប្រាក់រៀលចំនួន ៩៤លាន ១សែនរៀល។

អំណោយជាគ្រឿងឧបភោគបរិភោគរួមមាន៖

* ទឹកបរិសុទ្ធឱរ៉ាល់ ១,៥០០ កេស (ឧបត្ថម្ភដោយ ក្រុមហ៊ុន យី តាក់ គ្រុប)
* មីក្រហម ១,០០០ កេស (ឧបត្ថម្ភដោយក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប)
* ត្រី ខ កំប៉ុង ៥០០ កេស (ឧបត្ថម្ភដោយក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប)
* ទឹកអង់ទីអុកស៊ីដង់ធម្មជាតិ ៣៥០កេស (ឧបត្ថម្ភដោយអ្នកឧកញ៉ា ឡេង ហ៊ួរ)
* ភេសជ្ជៈផៅវ័ររេម ៤,០០០ កេស (ឧបត្ថម្ភដោយ ក្រុមហ៊ុន ស៊ី ភី & អេ ត្រេឌីងអ៉ីនធើ ណេសិនណល)
* ចេកអំបូងលឿង ៦០កេស (ឧបត្ថម្ភដោយក្រុមហ៊ុនចម្ការកៅស៊ូ បឹងកេត)
* ប្រេងម៉ាស៊ីន ៤ធុងធំស្មើនឹង ៨៣៦លីត្រ (ឧបត្ថម្ភដោយក្រុមហ៊ុន ប្រេងម៉ាស៊ីន អ៉ីណូស)
* សាប៊ូកក់សក់ ខូស ម៉ូមិន ២៩៩ដប និងហ្វូមលាងមុខ ខស ឈេង ២៩០ទីប (ឧបត្ថម្ភដោយ អ្នកឧកញ៉ា ខុង លីស៉ីអាណា)

ក្នុងឱកាសនេះដែរ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ បានចាត់អ្នកឧកញ៉ា ផែ ហុកឈួន ប្រធានគណៈកម្មការរដ្ឋបាល និងហិរញ្ញវត្ថុ ឡើងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ទាំងអស់ដែលបានបរិច្ចាគថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគ ដូចបានរៀបរាប់ខាងលើដើម្បីជួយដល់កងទ័ព ព្រមទាំងបានថ្លែងកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជួរមុខ ទាំងអស់ដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីជាតិ មាតុភូមិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង