សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន

(រតនគិរី)៖ នៅថ្ងៃសៅរ៍ ១២កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលទាំងឡាយក្នុងវិស័យអប់រំ នៅខេត្តរតនគិរី ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន។
រតនគិរីជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានចម្ងាយជិត ៦០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បើទោះបីខេត្តមួយនេះស្ថិតនៅឆ្ងាយយ៉ាងណាក្តី តែក្រោមនយោបាយលើកកម្ពស់ ការអប់រំក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តាំងពីក្រោយកម្ពុជារំដោះចេញពីរបបប្រល័យពូជសាសន៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មកនោះ ការអប់រំនៅក្នុងរតនគិរី ក៏ទទួលបានការយកចិត្តទុកដាក់ខ្ពស់ផងដែរ។
ដើម្បីផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ទទួលបានការអប់រំមួយល្អប្រសើរ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រលើការងារអប់រំត្រូវបានពង្រឹង និងពង្រីកជាបន្ទាប់ ដូចជាការបង្កើតសាលាថ្មី ការសាងសង់អគារសិក្សា អគារស្នាក់នៅ អគារទីចាត់ការ អគារពិសោធន៍ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត។
របាយការណ៍របស់លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានឱ្យដឹងថា នៅទូទាំងខេត្តនាពេលបច្ចុប្បន្ននេះ មានមត្តេយ្យសិក្សាគ្រប់រូបភាពចំនួន ២២៨កន្លែង, បឋមសិក្សាចំនួន២៣៨, អនុវិទ្យាល័យចំនួន២២, វិទ្យាល័យចំនួន១៨ និងសាលាឯកជនចំនួន៥០៦កន្លែង។ ចំនួនសិស្សសរុប ៦៣.៥២៣នាក់ ស្រី៣១,០២២នាក់ ក្នុងនោះសិស្សជនជាតិដើមភាគតិច ២៧,៤៧៣នាក់ ស្រី ១៣,៤៧៨នាក់ និងបុគ្គលិកអប់រំសរុប ចំនួន ១,៧១៩នាក់ ស្រី ៧៧៩នាក់។
ខេត្តបានរៀបចំគាំទ្រសាលារៀនស្ដង់ដាគំរូសាធារណៈចំនួន ៤០កន្លែង ក្នុងនោះ មត្តេយ្យសិក្សា ១កន្លែង បឋមសិក្សា ២៤កន្លែង និងមធ្យមសិក្សា១៥កន្លែង ព្រមទាំងរៀបចំគាំទ្រការផ្តល់សេវាសាធារណៈគំរូក្នុងវិស័យ អប់រំចំនួន ៣កន្លែងគឺ មត្តេយ្យសិក្សា ១កន្លែង និងវិទ្យាល័យ ២កន្លែង។
របាយការណ៍ បានបង្ហាញផងដែរថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅក្នុងខេត្តរតនគិរី បើធៀប៥ឆ្នាំមុនកើនឡើង ៨២សាលា ចំនួនសិស្សកើនឡើង ៤,១៧០នាក់ ស្រី ១,៩៨១នាក់។
កាលពីឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ពេលអញ្ជើញចុះជួបមន្ត្រីរាជការនៅតាមខេត្ត សម្តេចបានឆ្លៀតចុះតាមសាលារៀន ហើយបានផ្តល់ជាអគារសិក្សា អគារស្នាក់នៅ អគារទីចាត់ការ និងហេរចនាសម្ព័ន្ធនៅតាមសាលានានារាប់ពាន់ខ្នង។ ខេត្តរតនគិរី ក៏ត្រូវបានសម្តេចតេជោ ផ្តល់នូវអគារនានាជាច្រើនផងដែរ។
លោកអភិបាលខេត្តរតនគិរី បានឱ្យដឹងថា គិតមកទល់ពេលនេះសំណង់អគារសិក្សាជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន មានចំនួន ៤៨ខ្នង ស្មើនឹង ៣០២បន្ទប់ រួមទាំងហេដ្ឋារចនាសម្ព័ន្ធអប់រំផ្សេងៗទៀត។ ក្នុងនោះសំណង់ហេដ្ឋារចនាសម្ព័ន្ធអប់រំដែលមិនទាន់បានធ្វើពិធីសម្ពោធមាន ២៦កន្លែង និងខ្លោងទ្វារចំនួន ៤កន្លែង រួមមាន៖ អគារសិក្សាចំនួន ១៤កន្លែង ស្មើនឹង ១១០បន្ទប់ អាគារទីចាត់ការចំនួន ៨កន្លែង ស្មើនឹង ៣២បន្ទប់ អគារសយនដ្ឋានចំនួន ៥កន្លែង ស្មើនឹង ៩១បន្ទប់ អគារពិសោធន៍ ចំនួន ១កន្លែង ស្មើនឹង ៥បន្ទប់។
តាមរយៈការយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាពេលបច្ចុប្បន្នធ្វើឱ្យការងារអប់រំក្នុងខេត្តរតនគិរី មានការវិវឌ្ឍយ៉ាងល្អប្រសើរ ពោលការសិក្សាអប់រំនៅក្នុងខេត្តនេះមិនស្ថិតនៅឆ្ងាយដូចចម្ងាយដីរបស់ខេត្តពីរាជធានីភ្នំពេញនោះឡើយ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល៥ឆ្នាំ ចុងក្រោយ ខេត្តរតនគិរីទទួលបានលទ្ធផលដូចតទៅនេះ៖ សិស្សជាប់និទ្ទេស A ចំនួន ៣២នាក់, និទ្ទេស B ចំនួន ២១០នាក់, និទ្ទេស C ចំនួន ៨៣៤នាក់, និទ្ទេស D ចំនួន ១.៨៨២នាក់ និងនិទ្ទេស E ចំនួន ១,៩២៧នាក់។
សិស្សប្រលងជាប់សរុប ៤,១៨៣នាក់ ក្នុងនោះសិស្សជាជនជាតិដើមភាគតិចចំនួន ២,០០១នាក់។ បើធៀបនឹង ៥ឆ្នាំមុនមានសិស្សប្រឡងជាប់ត្រឹមតែ ៥១៨នាក់៕

អត្ថបទដែលជាប់ទាក់ទង