រដ្ឋបាលលោក Trump រារាំងសាកលវិទ្យាល័យ Harvard មិនឲ្យចុះឈ្មោះនិស្សិតអន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានលុបចោលលទ្ធភាពរបស់សាកលវិទ្យាល័យ Harvard ក្នុងការចុះឈ្មោះនិស្សិតអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) ហើយកំពុងបង្ខំនិស្សិតដែលមានឈ្មោះស្រាប់ផ្ទេរទៅកាន់សាកលវិទ្យាល័យផ្សេងទៀត បើមិនដូច្នេះទេត្រូវបាត់បង់ឋានៈស្របច្បាប់របស់ពួកគេ ខណៈរដ្ឋបាលនេះកំពុងគំរាមកំហែងពង្រីកការបង្ក្រាបទៅដល់សាលារៀនផ្សេងៗទៀត។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រដ្ឋមន្ត្រីសន្តិសុខមាតុភូមិ លោកស្រី Kristi Noem បានបញ្ជាឱ្យក្រសួងបញ្ចប់ការបញ្ជាក់កម្មវិធីសិក្សារបស់និស្សិត និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់សាកលវិទ្យាល័យ Harvard។ លោកស្រី Noem បានចោទប្រកាន់សាកលវិទ្យាល័យថា «ជំរុញឱ្យមានអំពើហិង្សា ប្រឆាំងជ្វីហ្វនិយម និងការសម្របសម្រួលជាមួយបក្សកុម្មុយនិស្តចិន»។ សាកលវិទ្យាល័យ Harvard បាននិយាយថា ចំណាត់ការរបស់រដ្ឋបាលរបស់លោក Trump ដែលបានធ្វើឲ្យប៉ះពាល់ដល់និស្សិតរាប់ពាន់នាក់ គឺជាទង្វើខុសច្បាប់ ហើយស្មើទៅនឹងការសងសឹក។
ការដាក់គំនាបលើនិស្សិតបរទេស បានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងយុទ្ធនាការរបស់រដ្ឋបាល លោក Trump ទៅលើសាកលវិទ្យាល័យ។ ក្រសួងបាននិយាយថា ចំណាត់ការនេះធ្វើឡើងបន្ទាប់ពី សាកលវិទ្យាល័យ Harvard បានមិនព្រមផ្តល់ព័ត៌មានដែល លោកស្រី Noem កាលពីពេលមុន បានទាមទារពីអ្នកកាន់ទិដ្ឋាការនិស្សិតបរទេសមួយចំនួន ដែលបានមកចូលរៀននៅសាកលវិទ្យាល័យ។
សាកលវិទ្យាល័យ Harvard បានចុះឈ្មោះនិស្សិតអន្តរជាតិជិត៦.៨០០នាក់ក្នុងឆ្នាំសិក្សា២០២៤ ដល់ ឆ្នាំ២០២៥ ដែលស្មើនឹង២៧ភាគរយនៃការចុះឈ្មោះចូលរៀនសរុបរបស់ខ្លួន នេះបើយោងតាមស្ថិតិរបស់សាកលវិទ្យាល័យ ៕

អត្ថបទដែលជាប់ទាក់ទង