ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីគណៈកម្មាធិការជាន់ខ្ពស់សហគមន៍កសិករប្រើប្រាស់ទឹក
នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ និងជាប្រធានអនុក្រុមការងារបច្ចេកទេសគ្រប់គ្រងទឹកនិងប្រព័ន្ធធារាសាស្រ្ត ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំ និងសម្របសម្រួលកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីគណៈកម្មាធិការជាន់ខ្ពស់សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.)។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លី ស៊ីណូ អនុរដ្ឋលេខាធិការ លោក លោកស្រីអនុប្រធាន ព្រមទាំងសមាជិកអនុក្រុមការងារបច្ចេកទេសគ្រប់គ្រទឹកនិងប្រព័ន្ធធារាសាស្រ្ត នាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក និងក្រុមជំនាញការ។
ឯកឧត្តមអនុរដ្ឋលេខាធិការមានប្រសាសន៍ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីប្រជុំពិនិត្យលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីគណៈកម្មាធិការជាន់ខ្ពស់សហគមន៍កសិករប្រើប្រាស់ទឹក មុនឈានដល់ក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក ដើម្បីប្រជុំពិនិត្យសម្រេចបន្ត។
ឯកឧត្តមអនុរដ្ឋលេខាធិការបញ្ជាក់បន្ថែមថា លទ្ធផលនៃកិច្ចប្រជុំដែលសម្រេចបាន រួមមាន ទី១)បទបង្ហាញស្តីពី មតិយោបល់និងធាតុចូលពីកិច្ចពិភាក្សាកម្រិតបច្ចេកទេសជាមួយនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹក នៃសេចក្តីព្រាងគោលការណ៍ណែនាំខាងលើ និងទី២)ពិនិត្យ និងសម្រេចលើធាតុចូល ដែលប្រមូលបានមកពីកិច្ចប្រជុំទាំងអស់ និងសកម្មភាពជំហានបន្ទាប់ សម្រាប់ដាក់ជូនក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្ម និងទឹក ដើម្បីប្រជុំពិនិត្យសម្រេចបន្ត។
សូមបញ្ជាក់ថា គោលការណ៍ណែនាំនេះ មានគោលបំណងដើម្បីកំណត់បែបបទ និងនីតិវិធីនៃការបង្កើតគណៈកម្មាធិការជាន់ខ្ពស់សហគមន៍កសិករប្រើប្រាស់ទឹក ការគ្រប់គ្រងគណៈកម្មាធិការជាន់ខ្ពស់សហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.) ដែលហៅកាត់ថា អេប៉េច (Apex FWUC) ដោយមានការទទួលស្គាល់ពីក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ក្នុងការគ្រប់គ្រង ស.ក.ប.ទ ទាំងអស់ ដែលមានប្រព័ន្ធធារាសាស្ត្រ ដោយប្រើប្រាស់ប្រភពទឹកតែមួយ៕