លោក ផាង វី អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ ដែលសម្រេចបានប្រមាណ ៦០%ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារថែទាំខួបប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជ ដែលមានទីតាំងស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ មានចម្ងាយប្រមាណ ៧៥គីឡូម៉ែត្រពីទីរួមខេត្ត។
សូមជម្រាបថា ការងារថែទាំខួបសំខាន់ៗដែលត្រូវអនុវត្តមានដូចជា៖ ទី១)ស្តារប្រទ្បាយមេ ១ខ្សែ ប្រវែង ៤៣០០ម៉ែត្រ ទី២)សំណង់ស្ទាក់ទឹក(ទ្វារ ២សន្លឹក) ចំនួន ២កន្លែង ទី៣)សំណង់ចែកទឹកលូមូល(ទ្វារ ១សន្លឹក) ចំនួន ១កន្លែង និងទី៤)សំណង់លូចម្លងលូជ្រុង(១ជួរ) ចំនួន ២កន្លែង។
លោកប្រធាននាយកដ្ឋានបានមានប្រសាសន៍បញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រប្រឡាយទំពេជមានប្រភពទឹកពីអូរគោលង់ និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់នោះ មានតួនាទីសំខាន់ក្នុងការបញ្ចៀសទឹកជំនន់ក្នុងមូលដ្ឋាន និងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលកសិកម្មបានពីរទៅបីដងក្នុងមួយឆ្នាំលើផ្ទៃដីស្រូវវស្សាប្រមាណ ១៥០០ហិកតា ស្រូវប្រាំង ៨៨៥ហិកតា និងដំណាំរួមផ្សំដទៃទៀត ព្រមទាំងមានសក្តានុពលបម្រើឱ្យការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋប្រមាណ ២៨៧គ្រួសារ។
ក្នុងឱកាសនោះដែរ លោកប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មក៏បានណែនាំដល់ក្រុមការងារសាងសង់ ឱ្យបន្តយកចិត្តទុកដាក់អនុវត្តការងារទៅតាមបទដ្ឋានបច្ចេកទេសឱ្យបានត្រឹមត្រូវហ្មត់ចត់ និងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក៕

អត្ថបទដែលជាប់ទាក់ទង