ឯកអគ្គរដ្ឋទូតចិន៖ ចិន និងកម្ពុជា ជាមិត្តដែកថែបដែលស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា ហើយក៏ជាដៃគូជួយអភិវឌ្ឍរួមគ្នា
ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ប្រទេសចិន និងប្រទេសកម្ពុជាគឺជាមិត្តដែកថែបដែលស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា ហើយក៏ជាដៃគូជួយអភិវឌ្ឍរួមគ្នា។
តាមរយៈហ្វេសប៊ុកផ្លូវការនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឯកអគ្គរដ្ឋទូតចិន វ៉ាង វិនពីន (Wang Wenbin) លើកឡើងថា ប្រទេសចិនមានសុភាសិតបូរាណមួយថា «ព្រួញមួយងាយបំបែក ប៉ុន្តែព្រួញដប់ពិបាកបំបែក» ហើយនៅប្រទេសកម្ពុជាក៏មានសុភាសិតខ្មែរមួយពោលថា «ចង្កឹះមួយបាច់ កាច់មិនបាក់»។
ឯកឧត្ដមឯកអគ្គរដ្ឋទូតចិន ថ្លែងបញ្ជាក់ថា ប្រទេសចិន និងកម្ពុជាជាមិត្តដែកថែបដែលស្គាល់ចិត្ត ស្គាល់ថ្លើមគ្នា ហើយក៏ជាដៃគូជួយអភិវឌ្ឍរួមគ្នា។ ភាគីចិននឹងលើកទឹកចិត្តក្រុមហ៊ុនកាន់តែច្រើនមកដាក់វិនិយោគទុននៅកម្ពុជា ព្រមទាំងបើកទីផ្សារទំហំធំសម្បើមដល់ភាគីកម្ពុជា នាំចូលផលិតផលកសិកម្មគុណភាពល្អកាន់តែច្រើន ដើម្បីចែករំលែកឱកាសអភិវឌ្ឍចិនដល់មិត្តកម្ពុជា។
ឯកឧត្ដមបន្តថា ភាគីចិនជឿជាក់ថា ក្រោមការស៊ីជម្រៅកិច្ចសហប្រតិបត្តិការចិន-កម្ពុជា នឹងបង្កើនទំនុកចិត្ត ឱ្យកម្ពុជាអាចសម្រេចបំណងអភិវឌ្ឍចំពោះមុខនឹងការបង្ខិតបង្ខំសេដ្ឋកិច្ចខាងក្រៅ ៕