ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំ សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកម្មវិធីការធ្វើដំណើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា ដែលផ្តួចផ្តើមគំនិតរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ សមាជិក សមាជិកា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ រដ្ឋបាលរាជធានី គណៈបញ្ជាការឯកភាព អង្គភាពចំណុះពាក់ព័ន្ធ ព្រមទាំងក្រុមការងារ ស.ស.យ.ក. ជាច្រើនរូបផងដែរ។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងសម្រេចលើការងារសន្តិសុខ សណ្តាប់ធ្នាប់ នៃការរៀបចំកម្មវិធីខាងលើ ដោយធ្វើការបែងចែកភារកិច្ច និងទំនួលខុសត្រូវទៅតាមជំនាញនិមួយៗ សំដៅធ្វើយ៉ាងឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូនប្រកបដោយជោគជ័យត្រចះត្រចង់ ដើម្បីជាកិត្តិយសសម្រាប់ប្រទេសជាតិ។
នាចុងបញ្ចប់ នៃកិច្ចប្រជុំ ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារទាំងអស់ឱ្យផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះការធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងកម្មវិធីដើម្បីបញ្ចៀសបាតុភាពអសកម្ម និងធានាថាការប្រព្រឹត្តទៅនៃកម្មវិធីទទួលបានជោគជ័យដ៏ត្រចះត្រចង់។
វត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តីនាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់ និងគាំទ្រដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ចំពោះគំនិតផ្តួចផ្តើមរបស់ ស.ស.យ.ក. នេះ។
សូមបញ្ជាក់ជូនផងដែរថា ស.ស.យ.ក. រៀបចំកម្មវិធី ការដើរថ្មើរជើង «Solidarity March» ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជាធ្វើឡើងក្នុងគោលបំណង បង្ហាញពីស្មារតី សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងទាំងអស់គ្នា ដែលកើតចេញពីការជឿជាក់យ៉ាងមុតមាំចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធក្នុងបុព្វហេតុការពារជាតិមាតុភូមិ ដែលនឹងរៀបចំឡើងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ដោយធ្វើការជួបជុំនៅមុខមហោស្រពកោះពេជ្រ រួចចេញដំណើរដោយថ្មើរជើងឆ្ពោះទៅកាន់វិមានឯករាជ្យ។ កម្មវិធីនេះរំពឹងទុកថានឹងទទួលការចូលរួមពីមហាជន ជាពិសេស យុវជន រាប់ម៉ឺននាក់ផងដែរ ៕