បុរស ជាប្តីបានស្លា..ប់ និងប្រពន្ធ បានរងរបួសធ្ង..ន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បុកគ្នា រវាងរថយន្តកុងតឺន័រ និង រថយន្ត Visto នៅលើផ្លូវជាតិលេខ៤
ខេត្តព្រះសីហនុ ៖ សមត្ថកិច្ចនគរបាល បានឲ្យដឹងព័ត៌មានបឋមថា បុរស ជាប្តីបានស្លាប់ និងប្រពន្ធ បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បុកប៉ះគ្នា រវាងរថយន្តកុងតឺន័រ និង រថយន្ត Visto នៅលើផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨៧-១៨៨ ស្ថិតក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាយប់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយរថយន្ដ ០១គ្រឿង ម៉ាក KIA VISTO ពណ៌ស ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ បើកបរដោយឈ្មោះ រុណ រស្មី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងជួសជុលរថយន្ដ មានទីលំនៅភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងអ្នករួមដំណើរ ០១នាក់ឈ្មោះ ដួង សំណៃ ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (អ្នកទាំង ០២នាក់ ជាប្ដីប្រពន្ធ និងគ្នា) លុះមកដល់ចំណុចកើតហេតុខាងលើ ដោយស្ថានភាពផ្លូវលើស្ពាន រួចបានរ៉េចង្កូត ទៅខាងឆ្វេងដៃរបស់ខ្លួន ចូលទៅបុកជាមួយរថយន្ដ ០១គ្រឿងម៉ាក MITSUBISHI FUSO ពណ៌ខៀវលាយលឿង ដែលមានទិសដៅផ្ទុយគ្នា និងអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានបុកចំពីមុខផ្នែកខាងឆ្វេងពេញទំហឹងតែម្ដង ។
ករណីគ្រោះថ្នាក់នេះបណ្ដាលអោយមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
ជនរងគ្រោះមាន ឈ្មោះ រុណ រស្មី ភេទប្រុស អ្នកបើកបររថយន្ដម៉ាក VISTO (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងឈ្មោះ ដួង សំណៃ ភេទស្រី អ្នករួមដំណើរក្នុងរថយន្ដម៉ាក VISTO (រងរបួសធ្ងន់) ។
ប្រភពព័ត៌មានបានបញ្ជាក់ថា សពជនរងគ្រោះ ត្រូវបានសាច់ញាតិ នាំយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនរងគ្រោះកំពុងសង្ក្រោះបន្ទាន់នៅ គ្លីនិក ឯកជន លី គឹមឌី ឃុំវាលរេញ។
ចំណែក វត្ថុតាង (រថយន្ដ) បានយកមករក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។ ដោយឡែក អ្នកបើកបររថយន្ដម៉ាក MITSUBISHI FUSO បានរត់គេចខ្លួនបាត់ ក្រោយពេល សមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ៕