ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនទៅទីសុវត្ថិភាពបណ្ដោះអាសន្ននៅខេត្តព្រះវិហារ

ព្រះវិហារ៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនមករកទីសុវត្ថិភាពបណ្ដោះអាសន្ន ស្ថិតក្នុងមណ្ឌលវត្តពោធិ៍៥,០០០ដើម ក្នុងភូមិគូលែនត្បូង ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។
ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ រួមមានថ្នាក់ដឹកនាំគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ, ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោក លោកស្រីជាប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត។
ក្នុងឱកាសនោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីមបានថ្លែងនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរសព្ទសាធុការពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់នៅក្នុងទីតាំងនេះ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ពិធីសំណេះសំណាល និងសួរសុខទុក្ខនេះ គឺជាការបង្ហាញអំពីការយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប នៅគ្រប់កាលៈទេសៈ ដោយមិនទុកបងប្អូនណាម្នាក់ចោលឱ្យលំបាកឡើយ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចេះរក្សាសាមគ្គីភាព ចេះយោគយល់គ្នា យល់ទុក្ខធុរៈគ្នា និងចេះយកអសារគ្នាទៅវិញទៅមក ជាពិសេសត្រូវរក្សាសុខភាពឱ្យល្អ ដោយការប្រតិបត្តិអនាម័យ និងថែរក្សាបរិស្ថានឱ្យស្អាត ដើម្បីចៀសវាងពីការឆ្លងមេរោគផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង