បុរសម្នាក់ ទៅទារលុយពីកូនបំណុលដល់ហាង ខឹងមិនសងស្ទុះទៅទះកំផ្លៀង ក្លាយជាអ្នកទោស
ខេត្តសៀមរាប ៖ លោក វែង មួយគី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចឃុំខ្លួនថៅកែលុយរាប់ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន បន្ទាប់ពីទៅទារលុយពីស្ត្រី ជាកូនបំណុលដល់ក្នុងហាងចំនួន២លានរៀល ហើយខឹងមិនព្រមសងតាមការកំណត់ ក៏បានជេរប្រមាថមិនអស់ចិត្ត ក៏ស្ទុះទៅទះកំផ្លៀងជាច្រើនដៃទៀត និងបានដេញឱ្យទៅប្តឹងអ្នកណាក៏ប្តឹងទៅដោយខ្លួនមិនខ្លាចទេ ។
ឃាត់ខ្លួនថៅកែលុយរាប់រូបនេះ បង្កឲ្យមានការភ្ញាក់ ផ្អើលពេញហាងយីហោ«ម្លប់ក្រូច» ស្ថិតក្នុងភូមិព្រះត្រពាំង ឃុំដំដែក ស្រុកសូទ្រនិគម កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅ ។ ថៅកែរូបនេះឈ្មោះ ថុន វត្តី ភេទប្រុស អាយុ៣៣ ឆ្នាំ មុខរបរដាក់លុយរាប់ រស់នៅក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ។
រីឯស្ត្រីជាកូនបំណុលឈ្មោះ យ៉ លឿប អាយុ៤៤ឆ្នាំ រស់ នៅភូមិព្រះត្រពាំង ឃុំដំដែក បម្រើការជាអ្នករត់តុនៅក្នុង ហាងខាងលើ ។ ប្រភពព័ត៌មានពីសមត្ថកិច្ចថា បន្ទាប់ពីបានទទួលព័ត៌មាន និងពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះភ្លាម កម្លាំងនគរបាលស្រុកសូទ្រនិគម បានទៅដល់កន្លែងកើតហេតុ រួចឃាត់ខ្លួនបុរសរូបនេះ មកសាកសួរករណីប្រើហិង្សាទះកំផ្លៀង ព្រោះរឿងទារលុយចំនួន២លានរៀលនេះ ។
ក្រោយពេលឃាត់ខ្លួន នគរបាលស្រុកក៏បាននាំយកទៅប្រគល់ឱ្យការិយាល័យនគរបាលជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ។ នៅពេលបញ្ជូនទៅដល់សាលាដំបូងសួរនាំរួចមកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តបានសម្រេចឱ្យកម្លាំងការិយាល័យនគរបាលជំនាញ បញ្ជូនខ្លួនជននេះ ទៅដាក់ពន្ធនាគារជាបណ្តោះអាសន្ននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ថា នៅក្នុងរឿងរ៉ាវនៃអំពើហិង្សានេះ ស្ត្រីរងគ្រោះបានដាក់ពាក្យបណ្តឹងទាមទារសំណងជំងឺចិត្តចំនួន២.០០០ដុល្លារ សម្រាប់ទូទាត់ថ្លៃថ្នាំពេទ្យ និង៥០០ដុល្លារទៀតសម្រាប់ដោះស្រាយរួចបំណុល ដែលជំពាក់ថៅកែលុយ ដើម្បីយកម៉ូតូមកទុកជិះទៅធ្វើការវិញ ៕