ឯកឧត្តម ពេជ្រ វាសនា អញ្ជើញដឹកនាំកិច្ចប្រជុំដំបូងជាមួយក្រុមបេសកកម្មស្វែងរកការពិតរបស់ជប៉ុន ស្តីពីគម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ
នាថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នេះ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូង(Kick-Off Meeting) ជាមួយក្រុមបេសកកម្មស្វែងរកការពិត (Fact Finding Mission) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មកពីទីក្រុងតូក្យូ ដើម្បីពិនិត្យ និងពិភាក្សាលម្អិតលើការស្នើសុំពង្រីកវិសាលភាពការងារ និងឥណទានសម្បទានបន្ថែមសម្រាប់គម្រោងស្តារ និងកែលម្អឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ។
សូមជម្រាបថា កិច្ចប្រជុំនេះធ្វើឡើងដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក MITOMORI Koji ប្រធានក្រុមបេសកកម្មទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) មកពីទីក្រុងតូក្យូនិងសហការី លោកស្រី Akiko MIYASHITA មន្រ្តីជាន់ខ្ពស់JICA ប្រចាំកម្ពុជា និងសហការី មន្រ្តីជាន់ខ្ពស់មកពីអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល និងអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមទីប្រឹក្សា មន្រ្តីជាន់ខ្ពស់របស់ក្រសួង កុងស៊ុលតង់ប្រចាំគម្រោង និងមន្រ្តីសមភាគីគម្រោង សរុបចំនួន ២៥នាក់។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំមានគោលបំណងសំខាន់ ដើម្បីប្រមូលព័ត៍មានចាំបាច់សម្រាប់រៀបចំគម្រោងស្នើសុំឥណទានសម្បទានបន្ថែម ទំហំការងារ ទំហំឥណទានសម្បទាន កម្មវិធីអនុវត្តន៍គម្រោង ការវាយតម្លៃផលប៉ះពាល់ពីបរិស្ថាន និងការងារអនុវត្តបន្ត នាពេលខាងមុខ។
សូមបញ្ជាក់ថា បេសកកម្មស្វែងរកការពិត (Fact Finding Mission) របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) មកពីទីក្រុងតូក្យូ មានរយៈពេល ៥ថ្ងៃ ដោយចាប់ផ្តើមនៅថ្ងៃទី១៦ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥។ នៅក្នុងបេសកកម្មនេះ ក្រុមការងារជប៉ុនគ្រោងនឹងចុះពិនិត្យទីតាំងជាក់ស្តែងរបស់គម្រោង ដើម្បីប្រមូលទិន្នន័យ និងព័ត៍មានបន្ថែមសម្រាប់ជាមូលដ្ឋានក្នុងការរៀបចំសំណើគម្រោងថវិកាទៅភាគីជប៉ុន៕