លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាលជាមួយសិល្បករ និងអ្នកផលិតមាតិកាលើបណ្តាញសង្គម
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៦ ខែមិថុនាឆ្នាំ ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ អញ្ជើញជួបសំណេះសំណាល ជាមួយក្រុមអ្នកមានប្រជាប្រិយភាពតាម បណ្តាញសង្គមចំនួន៦០នាក់ និងក្រុមសិល្បករមកពីផលិតកម្មបារមីចំនួន៣០នាក់ នាសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ដើម្បី ថ្លែងអំណរគុណ ក្នុងការចូលរួមជួយផ្សព្វផ្សាយក្នុង យុទ្ធនាការកៀរគររកមូលនិធិគន្ធបុប្ផាកម្ពុជា «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥។
ក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខ ដល់ក្រុមទាំងពីរខាងលើ លោកជំទាវបណ្ឌិត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានពាំនាំការសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជូនចំពោះ ក្រុមបង្កើតមាតិកាសង្គម ក៏ដូចជាក្រុមសិល្បករ ក្នុងការចូលរួមជួយផ្សព្វផ្សាយ ការគៀងគររកមូលនិធិគន្ធបុប្ផាកម្ពុជាឆ្នាំ 2025 ដែលជាកម្លាំងសាមគ្គីរួមគ្នា ជួយដល់ការងារសប្បុរសធម៌នៅក្នុងសង្គម។ លោកជំទាវបណ្ឌិតសូមថ្លែងអំណរគុណដល់ក្រុមទាំងពីរខាងលើ ដែលបានបូជាកម្លាំងកាយចិត្ត ក្នុងស្មារតីខ្មែរជួយខ្មែរ ជួយដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។ លោកជំទាវឱ្យដឹងថា មូលនិធិនេះបានបង្កើតឡើងដោយសម្ដេចតេជោ ហ៊ុន សែន និង សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ជួយទៅដល់កុមារក្រីក្រ មកពីបណ្ដាខេត្តនានានៅទូទាំងប្រទេសកម្ពុជា ដោយក្នុងមួយថ្ងៃៗមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ត្រូវចំណា យថវិកាប្រមាណ12ម៉ឺនដុល្លារអាមេរិកជាប្រចាំ ឬមួយឆ្នាំជាង43ម៉ឺនដុល្លារអាមេរិក ហើយឆ្នាំនេះគឺជាលើកទីពីរហើយ ដែលលោកជំទាវបណ្ឌិត បានចូលរួមនៅក្នុងការកៀរគរកមូលនិធិ ដោយឆ្នាំនេះឃើញថាមានសន្ទុះខ្លាំងជាងឆ្នាំមុន គិតត្រឹមរយៈ ពេល16ថ្ងៃ នៃយុទ្ធនាការ មានចំនួនអ្នកចូលរួមបរិច្ចាគរហូតដល់ជាង25ម៉ឺននាក់ គិតជាថវិកាបានចំនួនជាង4លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី១៦ខែមិថុនានេះ។
តំណាងក្រុមបុគ្គលមានប្រជាប្រិយភាព ក៏ដូចជាក្រុមសិល្បករ ដែលបានចូលរួមបានលើកឡើងថា ពួកគាត់ពិតមាន មោទនភាព ដែលរួចចំណែកក្នុងការផ្សព្វផ្សាយរកមូលនិធិនេះដើម្បីកុមារកម្ពុជា ដែលមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនុម៉ាណែត ជាប្រធានកិត្តិយសបានអនុញ្ញាតឲ្យក្រុមទាំងពីរ បានចូលរួមក្នុងយុទ្ធនាការនេះ ដូច្នេះក្នុងនាមជាខ្មែរ ត្រូវមានកាតព្វកិច្ចចូលរួមក្នុងន័យ ខ្មែរជួយខ្មែរ ដែលកំពុងត្រូវការជំនួយប្រចាំថ្ងៃ នេះជាការលើកឡើងរបស់ពួកគាត់។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងអំណរគុណ និងសូមកោតសរសើរអស់ពីចិត្ត ដល់ក្រុមបុគ្គលដែលមានប្រជាប្រិយភាព និងក្រុមសិល្បករ តំណាងអ្នកសារព័ត៌មាន ក៏ដូចជាអ្នកបង្កើតមាតិកាផ្សេងៗទៀត ដែលជួយផ្សព្វផ្សាយ ក៏ដូចជាសូមបន្តចូលរួមផ្សព្វផ្សាយ ឱ្យកាន់តែទូលំទលាយបន្ថែមទៀត។ លើសពីនោះទៀត លោកជំទាវបណ្ឌិត ក៏សូមថ្លែងអំណរគុណដល់ក្រុមប្រតិបត្តិករ នៃមូលនិធិគន្ធបុប្ផាកម្ពុជាទាំងអស់ ដែលបាន បង្កើតនូវសកម្មភាពថ្មីៗប្រចាំចុងសប្តាហ៍ ក្នុងការកៀរគររកមូលនិធិ ដែលទាំងអស់នេះជាគុណបុណ្យ ដ៏ធំ សម្រាប់យើងទាំងអស់គ្នា ដែលនេះបានបង្ហាញឱ្យឃើញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការសង្គ្រោះជីវិតទារក និងកុមារ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើង៕