អគ្គីភ័យមួយបានឆេះផ្ទះលក់-ទិញ និងជួសជុលវិទ្យុទាក់ទងយ៉ាងសន្ធោសន្ធៅ បណ្ដាលឲ្យបុរសជាម្ចាស់ផ្ទះម្នាក់ ដែលអ្នកប្រើប្រាស់វិទ្យុទាក់ទងជាច្រើន ស្គាល់រហស្សនាមគាត់ថា«តាប្រជ្រុយ»ជាប់គាំងចេញអត់រួច បានស្លាប់ក្នុងស្ថានភាពអង្គុយនៅបន្ទប់ទឹកក្នុងផ្ទះ

ភ្នំពេញ ៖ សមត្ថកិច្ចបានសន្និដ្ឋានជំហានដំបូងថា អគ្គិភ័យនេះបណ្ដាលមកពីការឆ្លងចរន្ដអគ្គិសនី និងឆេះរោលផ្ទះជាប់គ្នានោះ៥ល្វែងទៀត តែទោះជាយ៉ាងណាសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ។ ហេតុការណ៍ខាងលើ បានកើត ឡើងកាលពី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅនៅផ្ទះលេខ៧ ផ្លូវបេតុងបុរីសុខសាន្ដ ភូមិព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បុរសរងគ្រោះ ដែលជាម្ចាស់ផ្ទះ ឈ្មោះ យឿន ឃុនចាន់ផានិត ហៅ«តាប្រជ្រុយ»អាយុ៥២ឆ្នាំ មុខរបរជាងជួសជុល និងទិញ-លក់វិទ្យុទាក់ទង។ គាត់ត្រូវបានក្រុមសង្គ្រោះប្រទះឃើញអង្គុយស្លាប់នៅក្នុងបន្ទប់ទឹកក្នុងផ្ទះ ហើយផ្ទះរបស់គាត់នោះជាប្រភេទផ្ទះថ្មល្វែងទំហំ៤ម៉ែត្រគុណនឹង១៦ម៉ែត្រ កម្ពស់២ជាន់ គឺជាន់ផ្ទាល់ដី និងជាន់ទី១ ។

នៅមុនពេលមានភ្លើងឆេះពួកគាត់បានឮសំឡេងផ្ទុះផូងៗ៣ទៅ៤ដងចេញពីក្នុងផ្ទះជនរងគ្រោះ ដែលសង្ស័យថា ជាសំឡេងឆ្លងចរន្តអគ្គិសនី ខណៈនោះពួកគាត់ដែលជាអ្នកជិតខាងបាននាំគ្នាចេញទៅមើល ស្រាប់តែឃើញភ្លើងឆេះផ្ទះ នោះបាត់ទៅហើយ ។
ដោយមុនដំបូងភ្លើងបានចាប់ផ្ដើមឆេះចេញពីផ្នែកខាងមុខមុន រួចទើបរាលចូលទៅដល់ក្នុងផ្ទះ ហើយពេលឃើញបែបនេះ ពួកគាត់មានការតក់ស្លុតនិងស្លន់ស្លោខ្លាំងណាស់ ហើយបានស្រែកឆោឡោហៅម្ចាស់ផ្ទះឲ្យចេញក្រៅ ។ អ្នកភូមិដដែល បាននិយាយបន្តទៀតថា ពេលនោះបានឃើញតាប្រជ្រុយ និងប្រពន្ធរបស់គាត់ រត់ចេញក្រៅ រួចដោយសុវត្ថិភាពហើយ ប៉ុន្តែបន្តិចក្រោយ មក ស្រាប់តែតាប្រជ្រុយដែលជាប្ដីរត់ចូលទៅក្នុងផ្ទះដែលភ្លើងកំពុងឆេះនោះវិញ ។
ពុំមាននរណាបានដឹងថា តាប្រជ្រុយរត់ចូលទៅក្នុងផ្ទះវិញបែបនេះដើម្បីយករបស់អ្វីនោះទេ ហើយក៏បានជាប់នៅក្នុងផ្ទះនោះមិនឃើញចេញមកវិញឡើយ ចំណែកប្រពន្ធរបស់គាត់ដោយបារម្ភពីសុវត្ថិភាពប្ដីផង និងឃើញភ្លើងឆេះផ្ទះសន្ធោសន្ធៅផង បានត្រឹមតែឆ្លេឆ្លានៅខាងក្រៅប៉ុណ្ណោះ ។

ក្រោយពេលទទួលបានដំណឹងនេះភ្លាមកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចសង្កាត់ចោមចៅទី៣ និងខណ្ឌពោធិ៍សែនជ័យបានទាក់ទងទៅក្រុមសង្គ្រោះ និងពន្លត់អគ្គិភ័យឲ្យចេញទៅជួយ ។ ប៉ុន្តែកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពល តូចលេខ៧០ ដែលស្ថិតនៅតែប៉ុន្មានមែត្រប៉ុណ្ណោះពីទីតាំងកើតហេតុនោះ បានចេញទៅអន្តរាគមន៍ភ្លាមៗ ។
ក្រុមសង្គ្រោះខាងលើ បាននាំយករថយន្លត់អគ្គិភ័យទៅបាញ់ពន្លត់ និងព្យាយាមចូលទៅរំដោះតាប្រជ្រុយដែលកំពុងជាប់គាំងនៅក្នុងផ្ទះនោះដែរ ប៉ុន្តែពេលចូលទៅដល់បានប្រទះឃើញជនរងគ្រោះរូបនោះអង្គុយស្លាប់នៅក្នុងបន្ទប់ទឹកបាត់ទៅហើយមិនអាចជួយទាន់ឡើយ ។

សមត្ថកិច្ចសន្និដ្ឋានជំហានដំបូង សង្ស័យថា ពេលកំពុងស្ថិតនៅក្នុងផ្ទះនោះ ដោយសារតែផ្សែងខ្លាំងពេកជនរងគ្រោះបានរត់ចូលទៅក្នុងបន្ទប់ទឹក ដើម្បីបើកទឹកដាក់មុខទប់ទល់ជាមួយផ្សែងភ្លើង ។ ប៉ុន្តែវិធីនេះមិនអាចទប់ទល់បាន ហើយក៏មិនអាចរត់ចេញក្រៅរួចទៀតនោះទើបបណ្ដាលឲ្យគាត់ឈ្លក់ផ្សែងស្លាប់តែម្ដង ហើយស្លាប់នៅក្នុងស្ថានភាពអង្គុយពុំបានដួលដេកនោះទេ ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមទៀតថា នៅក្នុងប្រតិបត្តិការនេះ មានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យដែលប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យ ។ រថយន្តពន្លត់អគ្គិភ័យការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យរួមទាំងកម្លាំងកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ៧១១ កងពលតូចលេខ៧០ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង