ក្រោយបញ្ចប់កិច្ចប្រជុំ JBC, ភាគីកម្ពុជា-ថៃ ឯកភាពគ្នាលើរបៀបវារៈ ៤ចំណុចសំខាន់
(ភ្នំពេញ)៖ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន JBC ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ ពេញមួយថ្ងៃ និងបន្តឈានដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥, ភាគីកម្ពុជា-ថៃ បានឯកភាពអនុម័តលើរបៀបវារៈ ៤ចំណុចសំខាន់ ដូចខាងក្រោម៖
ទី១៖ ពិនិត្យ និងអនុម័តលើកំណត់ហេតុកិច្ចប្រជុំលើកទី៤ របស់គណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTSC កម្ពុជា-ថៃ ថៃ-កម្ពុជា ចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា
ទី២៖ ពិនិត្យ និងអនុម័តលើការកែសម្រួល TOR ឆ្នាំ២០០៣ ពាក់ព័ន្ធការផលិតផែនទីអ័រតូហ្វូតូ (ជំហាន២ ក្នុងចំណុច៤ នៃTOR)
ទី៣៖ ពិភាក្សា និងអនុម័តលើការបញ្ជូនក្រុមវាស់វែងចម្រុះ ចុះវាស់វែង និងខណ្ឌសីមាព្រំដែន នៅលើដីជាក់ស្ដែង នៅចន្លោះទីតាំងពិតប្រាកដនៃបង្គោលព្រំដែន ដែលបានឯកភាពគ្នា (កំណាត់ខ្សែព្រំដែនដើរតាមផ្លូវទឹក និងកំណាត់ខ្សែត្រង់)
ទី៤៖ ពិភាក្សាលើសេចក្ដីណែនាំលើការវាស់វែងនៅ Sector 6 (ចំណុច IX នៃកិច្ចប្រជុំលើកទី៤ និងកិច្ចប្រជុំពិសេសរបស់ JBC ឆ្នាំ២០០៩)។
សូមជម្រាបថា កិច្ចប្រជុំនេះ ភាគីកម្ពុជាបន្ដដឹកនាំដោយ លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ចំណែកភាគីរដ្ឋាភិបាលថៃ តំណាងដោយលោក ប្រាសាស ប្រាសាសវិនិច្ឆ័យ (Prasas Prasasvinitchai) ទីប្រឹក្សាក្រសួងការបរទេស ទទួលបន្ទុកកិច្ចការព្រំដែន ដែលជាមន្រ្តីការទូតជើងចាស់ជំនាន់ជម្លោះព្រះវិហារ៕