ក្រុមការងារអាហារូបករណ៍ អ.ម.ត នាំយកអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រគល់ជូនកងទ័ពដែលឈរជើងការពារព្រំដែនកម្ពុជា-ថៃ

នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោក ហាក់ ឡេង ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតអាហារូបករណ៍ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ខេត្តកោះកុង បានដឹកនាំក្រុមការងារ និងនិស្សិតអាហារូបករណ៍ អ.ម.ត ចុះសាកសួរសុខទុក្ខនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានកិត្តិយសសមាគម អ.ម.ត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត ប្រគល់ជូនអង្គភាពដែលឈរជើងការពារព្រំដែនកម្ពុជា-ថៃ ជាអាទិ៍ វរនគរបាលការពារព្រំដែនគោក៨២៧, អង្គភាពផ្នែកសឹករងមណ្ឌលសីមា, និងវរសេនាតូចលេខ៣៣៧។
អំណោយដ៏ថ្លៃថ្លារួមមាន មីជាតិ, កាពិ, ទឹកសុទ្ធ, ត្រីខកំប៉ុង, ស្កសរ, ទឹកស៊ីអ៊ីវ, ទឹកត្រី, ម្សៅស៊ុប, ស៊ុតមាន់, ក្រមាខ្មែរ, ថ្នាំពេទ្យ និងសម្ភារៈពេទ្យ, និងថវិកាមួយចំនួន។
នាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពទាំងបី បានគោរពថ្លែងអំណរគុណចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជាអនេកនូវទឹកចិត្តដ៏មហាវិសេសវិសាល ដែលជាការតបស្នងនូវគុណូបការៈដ៏ថ្លៃថ្លានេះ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរជូនចំពោះ សម្តេច និងលោកជំទាវបណ្ឌិត ព្រមទាំងបុត្រាបុត្រី កុំបីឃ្លៀងឃ្លាតទ្បើយ៕

អត្ថបទដែលជាប់ទាក់ទង