សម្តេចធិបតី ៖ ដើម្បីកុំឱ្យវែងឆ្ងាយ ឬលំបាកសម្រាប់ភាគីថៃ ក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង
ភ្នំពេញ៖ថ្មីៗនេះមានការចែកចាយព័ត៌មានតាមបណ្ដាញសង្គមជាច្រើននៅប្រទេសថៃ ពាក់ព័ន្ធទៅនឹងការគំរាមពីសំណាក់ក្រុមជ្រុលនិយមមួយចំនួននៅប្រទេសថៃឱ្យកាត់ផ្តាច់ការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតមកកម្ពុជា។
ដើម្បីកុំឱ្យវែងឆ្ងាយ ឬបង្កការលំបាកសម្រាប់ភាគីថៃក្នុងការសម្រេចកាត់ឬមិនកាត់ ឬកាត់ពេលណានោះ កម្ពុជាបានសម្រេចចិត្តធានាការផ្គត់ផ្គង់អគ្គិសនីនិងអ៊ីនធឺណិតដោយខ្លួនឯង។
ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ទើបរាយការណ៍មកខ្ញុំថា ចាប់ពីម៉ោង ១២ យប់នេះក្រុមហ៊ុនបណ្ដាញខ្សែកាបអុបទិក ឬប្រតិបត្តិករអ៊ីនធឺណិតទាំងអស់នៅកម្ពុជា និងបញ្ចប់ការទិញអ៊ីនធឺណិត (Internet Bandwidth) ពីប្រទេសថៃ ដោយសារយើងមានលទ្ធភាពផ្គត់ផ្គង់សេវាអ៊ីនធឺណិតគ្រប់គ្រាន់ដោយខ្លួនឯង។
ដោយឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានបញ្ជាក់រួចហើយអំពីសមត្ថភាពរបស់កម្ពុជាក្នុងការផ្គត់ផ្គង់អគ្គិសនីនៅកម្ពុជាដោយខ្លួនឯង។
បន្ថែមលើក្រសួងពីរខាងលើ ខ្ញុំបានបញ្ជាឱ្យក្រសួងស្ថាប័នរបស់កម្ពុជា ពិនិត្យនិងត្រៀមលក្ខណៈជាយថាហេតុ ដើម្បីដាក់ចេញនូវវិធានការផ្សេងៗបន្ថែមទៀត ប្រសិនបើអ្នកមានការគំរាមកំហែងកាត់ផ្ដាច់អ្វីផ្សេងទៀតមកកម្ពុជាផងដែរ ៕