ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ នឹងទទួលបានសេវាទឹកស្អាតប្រើប្រាស់គ្រប់គ្នា នៅត្រឹមឆ្នាំ២០២៧

ភ្នំពេញ ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំណត់នូវផែនការត្រឹមឆ្នាំ២០២៧ ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ជាពិសេសតំបន់ជាយក្រុង នឹងទទួល បានទឹកស្អាតប្រើប្រាស់ស្ទើរ ១០០ ភាគរយ ខណៈបច្ចុប្បន្នរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាននិងកំពុងជំរុញតបណ្តាញទឹកស្អាតចូលខ្នងផ្ទះ ជូនប្រជាពលរដ្ឋ ដែលមិនទាន់មានទឹកស្អាតប្រើប្រាស់។
ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ លើកឡើងនៅក្នុង ការចុះផ្សព្វផ្សាយ ស្ដីពីទឹកស្អាតជូនប្រជាពលរដ្ឋរស់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នេះថា ជុំវិញការផ្គត់ផ្គង់ទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះ បន្ទាប់ពីរោងចក្រទឹកស្អាតបាក់ខែងជំហ៊ានទី២ បានបញ្ចប់, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានចាប់ផ្តើមពង្រីកបណ្តាញទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៅតំបន់ជាយក្រុង ដើម្បីឱ្យពួកគាត់ទទួលបាន សេវាទឹកស្អាតប្រើប្រាស់ ស្របតាមការគិតគូរយកចិត្តទុកដាក់ របស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានស្នើដល់រដ្ឋាករ ទឹកស្វយ័តក្រុងភ្នំពេញ ជំរុញតបណ្តាញជូនប្រជាពលរដ្ឋតាមលទ្ធភាពជាក់ស្តែង។
ឯកឧត្តម បន្តឱ្យដឹងថា ជុំវិញការតបណ្តាញទឹកនៅរាជធានីភ្នំពេញនេះ ចំពោះគម្រោងដែលនៅសេសសល់រួមមាន៖ នៅខ័ណ្ឌ ដង្កោ, ខ័ណ្ឌកំប៉ូល និងខ័ណ្ឌពោធិ៍សែនជ័យ ក្នុងនោះសម្រាប់ខ័ណ្ឌពោធិ៍សែនជ័យ និងខ័ណ្ឌដង្កោ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានកំពុង ពង្រីកតបណ្តាញជូនប្រជាពលរដ្ឋ ជាក់ស្តែងនៅក្នុងភូមិឃ្លាំងសណ្តាយ ក្នុងសង្កាត់ពងទឹកនេះ គឺជាភូមិចុងក្រោយ ដែលរដ្ឋាករទឹកបាន និងកំពុងចុះតបណ្តាញជូនពួកគាត់។ ហើយបន្ទាប់ពីបញ្ចប់គម្រោងនៅភូមិនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងបន្តចុះតបណ្តាញនៅ ប៉ែកខាងត្បូង និងខាងលិចក្រុងភ្នំពេញបន្ថែម។ ឯកឧត្តម បញ្ជាក់ថា ជាផែនការ រដ្ឋាករទឹកនឹងកំណត់ត្រឹមឆ្នាំ២០២៧ ប្រជាពលរដ្ឋនៅ រាជធានីភ្នំពេញ ជាពិសេសតំបន់ជាយក្រុង នឹងទទួលបានទឹកស្អាតប្រើប្រាស់ស្ទើរ ១០០ ភាគរយ។
ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីទឹកស្អាតនេះ ក្រុមការងារនាយកដ្ឋានអាជីវកម្ម ក៏បានបង្កើតបញ្ជរចែកពាក្យ-ទទួលពាក្យ តបណ្តាញ ទឹកជូនប្រជាពលរដ្ឋផ្ទាល់ ដោយបានចែកនិងទទួលពាក្យបានចំនួន ២០២/២៣០បណ្តាញ ក្នុងនោះមានឧបត្ថម្ភធនចំនួន ៤៣ គ្រួសារ រួមមាន៖ ឧបត្ថម្ភធន ៣០% មាន ៧ គ្រួសារ, ៥០% ចំនួន ២៧ គ្រួសារ, ៧០% ចំនួន ៨ គ្រួសារ និង ១០០% មានចំនួន១គ្រួសារ។
ក្នុងឱកាសនេះ ប្រជាពលរដ្ឋរស់ឃុំខាងលើ បានសម្ដែងនូវសេចក្ដីត្រេកអរយ៉ាងខ្លាំង ដែលទទួលបានទឹកស្អាតប្រើប្រាស់ផ្ទាល់ ពី រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលជាយូរឆ្នាំមកហើយ ពួកគាត់ដែលរស់នៅក្នុងមូលដ្ឋាននេះ មិនដែលមានទឹកស្អាតប្រើប្រាស់ឡើយ ដោយប្រើប្រាស់តែទឹកអណ្តូង ទឹកស្រះ និងទិញទឹករថយន្តឯកជនប្រើប្រាស់ ក្នុងតម្លៃថ្លៃ និងមិនមានអនាម័យជាដើម។
ជុំវិញបញ្ហាទឹកស្អាតនេះ អ៊ំស្រីម្នាក់ដែលចូលរួមក្នុងពិធីផ្សព្វផ្សាយនេះ បានបញ្ជាក់ថា ពីមុនផ្ទះរបស់គាត់ប្រើប្រាស់ទឹកទិញ តាមរថយន្តដឹកលក់ ដោយក្នុង ១ ខែៗ គ្រួសារគាត់ប្រើអស់ចំនួន ២ ឡាន ស្មើនឹង ៦ ម៉ែត្រគូប ដោយត្រូវចំណាយថវិកាអស់ ៦ ម៉ឺន រៀល, បន្ទាប់ពីទទួលបានទឹកពីរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គាត់នឹងចំណាយប្រមាណ ៣ ពាន់រៀលប៉ុណ្ណោះ នៅក្នុង១ខែៗ ក្នុងនោះ បើធៀបនិងការប្រើប្រាស់ទឹកពីមុន ឃើញថា គ្រួសារគាត់នឹងចំណេញប្រាក់ក្នុងរង្វង់ប្រមាណ ៥៧ ពាន់រៀល ក្នុង១ខែ៕

អត្ថបទដែលជាប់ទាក់ទង