ឯកឧត្តម ឈា ប៊ុនរិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារដឹកនាំ និងជំរុញការងារចុះបញ្ជីដីអាងស្ដុកទឹក និងទំនប់អាងទឹក នៃប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទេស

នាថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំលុច្សនៃទីស្ដីការក្រសួង ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារដឹកនាំ និងជំរុញការងារចុះបញ្ជីដីអាងស្ដុកទឹក និងទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្រ្ដ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីណែនាំស្តីពីការងារដឹកនាំ និងជំរុញការងារចុះបញ្ជីដីអាងស្ដុកទឹក និងទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្រ្ដនៅទូទាំងប្រទេស ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិកនៃក្រុមការងារជាច្រើនរូប។
សូមជម្រាបថា របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ទី១)ប្រកាសសេចក្ដីសម្រេចស្តីពីក្រុមការងារដឹកនាំ និងជំរុញការងារចុះបញ្ជីដីអាងស្ដុកទឹក និងទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្រ្ដ ទី២)បទបង្ហាញសង្ខេបស្តីពីវឌ្ឍនភាពការងារចុះបញ្ជីដីអាងស្ដុកទឹកទូទាំងប្រទេស បញ្ហាប្រឈម និងសំណូមពរ និងទី៣)ការណែនាំ និងតម្រង់ទិសក្នុងការអនុវត្តការងារអាទិភាពជាបន្តបន្ទាប់។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានបញ្ជាក់ឱ្យដឹងថា ពេលបច្បុប្បន្ននេះ អាងទឹកទូទាំងប្រទេសមានប្រមាណជា១៥០០អាង ហើយកិច្ចប្រជុំនាពេលនេះ គឺដើម្បីតម្រង់ទិស រៀបចំផែនការការងារ កំណត់អាទិភាពការងារសម្រាប់ធ្វើការបោះបង្គោលព្រំអាងទឹក និងដោះស្រាយលើបញ្ហាប្រឈមនានា ដើម្បីធ្វើយ៉ាងណាឱ្យការចុះបញ្ជីអាងទឹកសម្រេចទៅតាមផែនការដែលបានកំណត់ និងទទួលបានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ក្រុមការងារដឹកនាំ និងជំរុញការងារចុះបញ្ជីដីអាងស្ដុកទឹក និងទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្រ្ដ បានបង្កើតឡើងតាមរយៈសេចក្តីសម្រេចលេខ ០១៧ សសរ.ធទឧ ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ របស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីដឹកនាំ តម្រង់ទិស សម្របសម្រួល និងដោះស្រាយបញ្ហាលើការងារចុះបញ្ជីដីអាងស្ដុកទឹក និងទំនប់អាងទឹកនៃប្រព័ន្ធធារាសាស្រ្ដទូទាំងប្រទេស ដោយក្រុមការងារនេះមានក្រុមការងារប្រតិបត្តិតាមបណ្តារាជធានី-ខេត្ត ចំនួន ៤ក្រុម ដែលក្នុងនោះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្ត ជាសមាជិក និងមាននាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក ជាលេខាធិការដ្ឋាន៕

អត្ថបទដែលជាប់ទាក់ទង