រដ្ឋមន្ត្រីទូរគមនាគមន៍កម្ពុជា ៖ ថៃ ខាតបង់ចំណូលរាប់រយលានដុល្លារ ក្រោយពេលកម្ពុជា ឈប់ប្រើប្រាស់ប្រភពអ៉ីនធឺណិតពីប្រទេសថៃ

(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានបង្ហោះសារជាបីភាសាមានភាសាខ្មែរ ភាសាថៃ និងភាសាអង់គ្លេស បញ្ជាក់ពីទំហំខាតបង់របស់ថៃ បន្ទាប់ពីកម្ពុជាឈប់ទិញប្រភពអ៉ីនធឺណិតពីប្រទេសថៃមកប្រើប្រាស់។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា «ដោយសារការគម្រាមកំហែងរបស់ភាគីថៃ ក្នុងការកាត់ផ្ដាច់ការផ្គត់ផ្គង់សេវាអ៉ីនធឺណិតដល់កម្ពុជា ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់របស់កម្ពុជា បានឈប់ប្រើប្រាស់ប្រភពអ៉ីនធឺណិតពីប្រទេសថៃ ដែលនឹងធ្វើឱ្យប្រទេសថៃអាចខាតបង់ចំណូលរាប់រយលានដុល្លារ។ លទ្ធផលនេះ គឺកើតឡើងដោយសារការគម្រាមកំហែងរបស់ភាគីថៃមកលើកម្ពុជា។ ថៃជាអ្នកថា តែកម្ពុជាជាអ្នកធ្វើមែន»។
បើតាមរយៈ Comment របស់សម្តេចតេជោ ហ៊ុន សែន ឆ្លើយបតលោក ឌួង ឆាយ ការបិទឈប់ប្រើប្រាស់ប្រភពអ៉ីធឺណិតពីប្រទេសថៃ ធ្វើឱ្យថៃខាតចំណូលជាង១០០លានដុល្លារក្នុង១ឆ្នាំៗ។
របាយការណ៍របស់និយតករទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ នេះ ការជាវសេវាអ៊ីនធឺណិតចល័តមានចំនួន ១៨,២៦៦,៩៥៤ នាក់ និងការជាវសេវាអ៊ីនធឺណិតអចល័តមានចំនួន ៧១៥,៩៨០ នាក់។ សរុបទាំងពីរសេវានេះ បើធៀបនឹងឆ្នាំ២០២៣ គឺមានកំណើន ៧.៨១%។
គួរជម្រាបថា ឆ្លើយតបនឹងក្រុមជ្រុលនិយមថៃ ដែលគំរាមផ្តាច់ភ្លើង និងអ៉ីនធឺណិតឱ្យកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសឈប់ទិញអគ្គិសនី និងអ៉ីនធឺណិត ពីប្រទេសថៃ យកមកផ្គត់ផ្គង់ដល់កម្ពុជាចាប់ពីម៉ោង១២យប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥តទៅ ដោយកម្ពុជាមានលទ្ធភាពអាចផ្គត់ផ្គង់ដោយខ្លួនឯងបាន។
បន្ទាប់ពីនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានប្រកាសឱ្យបណ្តាប៉ុស្តិ៍ទូរទស្សន៍ទាំងអស់ ឈប់ចាក់ផ្សាយភាពយន្តថៃតទៅទៀតចាប់ពីម៉ោង ១២យប់ថ្ងៃទី១២ ខែមិថុនាតទៅ។
បន្ថែមលើសពីនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ធ្ងន់ៗថា ប្រសិនបើថៃនៅតែហ៊ានគំរាមប្រមាថកម្ពុជាថែមទៀតនោះ កម្ពុជានឹងឈានដល់ឈប់ប្រើប្រាស់ទំនិញថៃទាំងស្រុង ងាកមកប្រើប្រាស់ទំនិញក្នុងស្រុកវិញ៕

អត្ថបទដែលជាប់ទាក់ទង