ឯកឧត្តម អាន ពេជ្រ ហត្ថដា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានារបស់ក្រសួងធនធានទឹក និងឧតុនិយម
នាថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ នៅសាលប្រជុំរំដួលនៃទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត អាន ពេជ្រ ហត្ថដា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានារបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១ ដើម្បីណែនាំស្តីពីការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្រ្ដ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានារបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន និងសមាជិក នៃក្រុមការងារ សរុបចំនួន ២០រូប។
សូមជម្រាបថា របៀបវារៈសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ទី១)បទបង្ហាញសង្ខេបស្តីពីសេចក្តីថ្លែងហេតុនៃរបាយការណ៍តាមដាននិងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្នាំ២០២៤ និងទី២)បទបង្ហាញសង្ខេបស្តីពីឯកសារសំខាន់ៗពាក់ព័ន្ធនឹងការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានារបស់ក្រសួងធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនាពេលនេះ ដើម្បីពិនិត្យ និងពិគ្រោះយោបល់លើ ការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានារបស់ក្រសួងដែលបានអនុវត្តនាពេលកន្លងមក និងជំរុញពិនិត្យលើសូចនាករ ផែនការសកម្មភាព លទ្ធផល និងបញ្ហាប្រឈម និងសំណូមពរ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តយុទ្ធសាស្រ្តរបស់ក្រសួងសម្រេចទៅតាមផែនការដែលបានកំណត់ និងទទួលបានប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា ក្រុមការងារតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រ ផែនការអភិវឌ្ឍន៍ និងគោលនយោបាយនានារបស់ក្រសួងធនធានទឹក និងឧតុនិយម ហៅកាត់ថា ក.យ.ផ.គ.ធទឧ បានបង្កើតឡើង តាមរយៈសេចក្តីសម្រេចលេខ ០៧៣ សសរធទឧ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីសម្របសម្រួល រៀបចំ និងអនុវត្តក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ ព្រមទាំងដឹកនាំ រៀបចំតាមដានសូចនាករសមិទ្ធកម្មគន្លឹះ និងជំរុញការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្ត្រ និងគោលនយោបាយនានាក្រោមសមត្ថកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម៕