អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តចូឡាណាំដូ ជួបពិភាក្សាគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម នៅសាធារណរដ្ឋកូរ៉េ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥នេះ បានទទួលជួបពិភាក្សាកាងារជាមួយលោក គីម យ៉ុងរុក Kim Yung Rok អភិបាលខេត្ត Jeollannam do សាធារណៈរដ្ឋកូរ៉េ ធ្វើឡើង នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម នៅសាធារណរដ្ឋកូរ៉េ និងពិភាក្សាការងារចងសម្ព័ន្ធមេត្រីភាព រវាងរាជធានីភ្នំពេញ និងទីក្រុងនៃខេត្ត Jeollanam-do និងការងារពាក់ព័ន្ធមួយចំនួន។
នាឱកាសនោះលោក ឃួង ស្រេង បានជម្រាបជូនលោក គីម យ៉ុងរុក ពីការវិវឌ្ឍន៍រីកចម្រើនរបស់រាជធានីភ្នំពេញ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ស្វាហាប់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យរាជធានីភ្នំពេញ មានការអភិវឌ្ឍន៍រីកចំរើន លើគ្រប់វិស័យ នឹងទទួលបានការកោតសរសើរ និងអបអរសាទរពីកំរិតជាតិ និងអន្តរជាតិ ក្រោយកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ លោក ឃួង ស្រេង ក៏បានជម្រាបជូនលោក គីម យ៉ុងរុក Kim Yung rok ថា លោកធ្លាប់ជាវិស្វករកប៉ាលដែរ។
លោក ឃួង ស្រេង បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត Jeollanam do ក៏ដូចសាធារណៈរដ្ឋកូរ៉េទាំងមូល ដែលបានទទួលយកពលករកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េជាង៤៦ ០០០នាក់។ នាឱកាសនោះ លោក ឃួង ស្រេង បានថ្លែងអបអរសាទរ លោក Lee Jae myung ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃសាធារណៈកូរ៉េ ហើយសង្ឃឹមថា តាមរយៈដំណើរទស្សនៈកិច្ចរបស់លោកអភិបាលខេត្ត Jeollanam do នៅរាជធានីភ្នំពេញនាពេលនេះ នឹងជួយជំរុញឲ្យក្រុមហ៊ុន និងអ្នកវិនិយោគកូរ៉េ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឲ្យកាន់តែច្រើនថែមទៀត នៅពេលកម្ពុជា មានច្បាប់វិនិយោគ ប្រកបដោយការអនុគ្រោះ។
ជាការឆ្លើយតបលោក គីម យ៉ុងរុក Kim yung rok បានកោតសរសើរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ពិតជាបានខិតខំអភិវឌ្ឍន៍រាជធានីភ្នំពេញ ឲ្យរីកចំរើនលឿន និងឆាប់រហ័ស។
ជាមួយគ្នានោះដែរ លោកអភិបាលរាជធានីភ្នំពេញ លើកឡើងថា នឹងស្នើទៅរាជរដ្ឋាភិបាល ដើម្បីចងសម្ពន្ធ័មេត្រីភាព រវាងរាជធានីភ្នំពេញ និងខេត្តJeollanam do បន្ថែម លើទីក្រុងចំនួន៣ របស់ប្រទេសកូរ៉េខាងត្បូងរួចហើយ ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងទីក្រុងទាំង២៕