អ៊ីរ៉ង់ ៖ ការហាមប្រាមធ្វើដំណើរអាមេរិកបង្ហាញពីអរិភាពយ៉ាងជ្រាលជ្រៅ សម្រាប់ជនជាតិអ៊ីរ៉ង់ និងមូស្លីមនានា

ទីក្រុងតេអេរ៉ង់កាលពីថ្ងៃសៅរ៍ បានរិះគន់ការហាមប្រាមការធ្វើដំណើររបស់ប្រធានាធិបតីអាមេរិកលោក Donald Trump លើបណ្តាប្រទេសរួមទាំងអ៊ីរ៉ង់ផង ដោយនិយាយថាចំណាត់ការនោះ បង្ហាញពីអរិភាពយ៉ាងជ្រាលជ្រៅចំពោះប្រជាជនអ៊ីរ៉ង់ និងប្រជាជនមូស្លីមនានា។
មន្ត្រីក្រសួងការបរទេសជាន់ខ្ពស់មួយរូបបាននិយាយក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងដែលបានបង្ហោះលើវេទិកាសង្គម X ថា ការសម្រេចចិត្តហាមប្រាមការចូលរបស់ជនជាតិអ៊ីរ៉ង់ដោយសារសាសនា និងសញ្ជាតិរបស់ពួកគេ ដោយមិនត្រឹមតែបង្ហាញពីអរិភាពយ៉ាងជ្រាលជ្រៅរបស់អ្នកធ្វើសេចក្តីសម្រេចចិត្តរបស់អាមេរិកចំពោះប្រជាជនអ៊ីរ៉ង់ និងមូស្លីមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំពានច្បាប់អន្តរជាតិទៀតផង។
ដោយឡែក អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍បានថ្កោលទោសទណ្ឌកម្មថ្មីដែលដាក់ដោយសហរដ្ឋអាមេរិកសំដៅលើបុគ្គល និងអង្គភាពជាង៣០ដែលក្រុងវ៉ាស៊ីនតោនបាននិយាយថាជាផ្នែកមួយនៃបណ្តាញ ធនាគារស្រមោល ភ្ជាប់ទៅនឹងទីក្រុងតេអេរ៉ង់ដែលបានលាងលុយរាប់ពាន់លានដុល្លារតាមរយៈប្រព័ន្ធហិរញ្ញវត្ថុពិភពលោក។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Esmaeil Baghaei បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក គឺជាទង្វើខុសច្បាប់ និងបំពានច្បាប់អន្តរជាតិ ហើយជាភស្តុតាងបន្ថែមទៀតនៃអរិភាពដ៏ជ្រាលជ្រៅ និងបន្តនៃរបបគ្រប់គ្រងរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនអ៊ីរ៉ង់។
ការហាមប្រាមការធ្វើដំណើររបស់លោក Trump នឹងរារាំងពលរដ្ឋមកពីប្រទេសចំនួន១២រួមមាន អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា ឆាដ សាធារណរដ្ឋកុងហ្គោ ហ្គីណេអេក្វាទ័រ អេរីត្រេ ហៃទី អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ និងយេម៉ែន៕

អត្ថបទដែលជាប់ទាក់ទង