ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារជាមួយគណៈប្រតិភូមកពីសាកលវិទ្យាល័យហុកកៃដូ ប្រទេសជប៉ុន
នៅទីស្ដីការក្រសួង នាថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ទទួលបន្ទុកសម្របសម្រួលការងារឧតុនិយម ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំ និងពិភាក្សាការងារស្តីពីគម្រោងនវានុវត្តន៍មីក្រូផ្កាយរណប ជាមួយសាស្រ្តាចារ្យស្រាវជ្រាវអវកាសនៃសាកលវិទ្យាល័យហុកកៃដូ ប្រទេសជប៉ុន ដោយមានការចូលរួមពីលោកជំទាវទីប្រឹក្សាក្រសួង អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងមន្ដ្រីជំនាញបច្ចេកទេសក្រសួង ជាច្រើនរូប។
ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា លទ្ធផលនៃកិច្ចពិភាក្សាការងារសំខាន់ៗ រួមមាន៖ ទី១)ពិភាក្សាអំពីគម្រោងនវានុវត្តន៍មីក្រូផ្កាយរណប និងឧបករណ៍វាស់ផ្លេកបន្ទោរ ដែលបាននិងកំពុងអភិវឌ្ឍដោយសាកលវិទ្យាល័យហុកកៃដូ និងទី២)ពិភាក្សាស្វែងរកកិច្ចសហការដែលមានសក្តានុពលលើគម្រោងនវានុវត្តន៍មីក្រូផ្កាយរណប និងដំឡើងឧបករណ៍វាស់ផ្លេកបន្ទោរជាមួយក្រសួងផងដែរ។
សូមបញ្ជាក់ថា មីក្រូផ្កាយរណបនេះ មានទំហំតូច ទម្ងន់ ៥០គីឡូម៉ែត្រ ដែលមានគុណភាពរូបភាពច្បាស់ល្អជាងផ្កាយរណបធំៗសម្រាប់វិស័យកសិកម្ម ការគ្រប់គ្រងព្រៃឈើ ការរុករករ៉ែ ការព្យាករខ្យល់ព្យុះ ការតាមដានគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ ជាដើម។ មីក្រូផ្កាយរណបនេះ មានតម្លៃប្រហែល ៨លានដុល្លារអាម៉េរិច ក្នុងមួយកញ្ចក់ រួមមាន៖ ការកសាងផ្កាយរណប ការបាញ់បង្ហោះផ្កាយរណប ការកសាងស្ថានីយអង្កេតពីដី និងវគ្គបណ្តុះបណ្តាលសមត្ថភាពសម្រាប់មន្រ្តី និងសិស្សានុសិស្ស។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាស្រ្តាចារ្យស្រាវជ្រាវអវកាសនៃសាកលវិទ្យាល័យហុកកៃដូ ប្រទេសជប៉ុន តាមរយៈការចូលរួមចំណែកលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាផ្កាយរណប ជួយដល់ការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយមនៅកម្ពុជា៕