ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនពលរដ្ឋដោយឥតគិតថ្លៃ ចំនួន២ឃុំ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជំងឺ ផ្តល់ឱសថ និងចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម នៅតំបន់ដាច់ស្រយាល ក្នុងភូមិគិរីអភិវឌ្ឍ ឃុំឈានឡើង និងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ។
ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានប្រតិបតិ្តក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ថ្ងៃនេះ បាននាំយកអំណោយថ្នាំពេទ្យដ៏ថ្លៃថ្លារបស់ឯកឧត្តមឧបនាយករដ្ឋមន្រី្ត ហ៊ុន ម៉ានី ប្រធានកិតិ្តយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន៨២នាក់ ស្រី៣១នាក់ ចុះពិនិត្យ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសជំរុញ ជូនបងប្អូនប្រជាពលរដ្ឋ ចំនួនពីរឃុំ គឺឃុំឈានឡើង និងឃុំក្រាំងល្វា បានចំនួន១២៦៩នាក់។ សកម្មភាពចុះពិនិត្យ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ តាមខ្នងផ្ទះ នៅតំបន់ដាច់ស្រយាលនេះ ធ្វើឡើងរយៈពេល០៣ថ្ងៃពេញ គឺចាប់ផ្តើមពីថ្ងៃទី៦-៧-៨ ខែមិថុនា ឆ្នាំ២០២៥។
ជាបឋម ក្នុងនាមរដ្ឋបាលខេត្ត ក៏ដូចជាក្រុមប្រឹក្សាខេត្ត និងប្រជាជនខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទិ្ធ អភិបាលខេត្តកំពង់ឆ្នាំង គោរពថ្លែងអំណរគុណដល់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រី្តក្រសួងមុខងារសាធារណៈ តែងតែយកចិត្តទុកដាក់សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងយើង ដោយឯកឧត្តម ឧបនាយករដ្ឋមន្រី្ត បានបញ្ជូនក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តរបស់ឯកឧត្តម ហ៊ុន ម៉ានី ផ្ទាល់ មកពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញនេះ ចំនួន១៣លើក និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ បានចំនួនជាង៣ម៉ឺននាក់។
ជាមួយគ្នានោះដែរ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងភូមិគិរីអភិវឌ្ឍ ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង អញ្ជើញមកទទួលការពិនិត្យ ពិគ្រោះ ព្យាបាលជំងឺ និងចាក់វ៉ាក់សាំងកូវីដ-១៩ដូសបន្ថែម ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ពិតជាសប្បាយចិត្តខ្លាំងមែនទែន ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះមកជួយប្រជាពលរដ្ឋ ព្រមទាំងបានជួយកាត់បន្ថយការចំណាយជាច្រើន និងធ្វើឲ្យប្រជាពលរដ្ឋ ទទួលការព្យាបាល និងឱសថ ដោយឥតគិតថ្លៃ និងបានធ្វើឲ្យសុខភាពរបស់ពួកគាត់បានប្រសើរឡើង។
ជាចុងក្រោយឯកឧត្តម លេង ផាលី ក្នុងនាមជានីតិបុគ្គល នៃក្រុមគ្រួសារស.ស.យ.ក. ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមចំណែកក្នុងចលនារួមរបស់សង្គមជាតិ ដោយរួបរួមជាមួយសកម្មភាពសង្គមរបស់ស.ស.យ.ក.បន្ថែមទៀត។ តាមរយៈការលះបង់នេះ បានសរបញ្ជាក់ពី ស្មារតី ២ ធ្នូ ដោយសមាជិក សមាជិកា ស.ស.យ.ក. សមាជិក សមាជិកា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី មកពីប្រភពមានតួនាទី និងមុខងារផ្សេងៗ មករួមគ្នា ដាក់ផលប្រយោជន៍ផ្ទាល់ខ្លួនដោយឡែក មកធ្វើការងារជាក្រុម ដើម្បីសម្រេចគោលដៅរួមមួយ សម្រាប់ប្រទេសជាតិ និងផ្តល់ជាគម្រូដល់សង្គមជាតិ។ ការចូលរួមសកម្មភាពបម្រើសង្គម រៀនសូត្របន្ថែមនៅមូលដ្ឋានជាក់ស្តែង និងចូលរួមចំណែកលើកកម្ពស់សុខមាលភាពប្រជាជន ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចេរភាព របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អណត្តិទី៧ ដែលមានសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ៕