អភិបាលខេត្តប្រគល់រថយន្តពន្លត់អគ្គីភ័យ៣គ្រឿងជូនស្នងការដ្ឋាននគរបាលខេត្តសម្រាប់បែងចែកតាមប៉ុស្តិ៍ចំនួន៣

ខេត្តកំពង់ចាម:” អាជ្ញាធរមូលដ្ឋានពិតជាសប្បាយរីករាយដោយកម្លាំងប៉ុស្តិ៍រដ្ឋបាលកោះសំរោង ទទួលបានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងពីឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តសម្រាប់អន្តរាគមន៍បាញ់ទឹកពន្លត់លំនៅឋានរបស់ប្រជាពលរដ្ឋនៅភូមិណាមួយ”នេះជាការលើកឡើងរបស់លោកសន សុខ មេឃុំកោះសំរោង ថ្លៃងប្រាប់តាមទូរសព្ទខណៈពេលនាយប៉ុស្តិ៍កោះសំរោង
មកទទួលយករថយន្តពន្លត់អគ្គីភ័យមួយគ្រឿង ដោយធ្វើឡើងនាព្រឹកថ្ងៃទី២មិថុនា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាលាខេត្តកំពង់ចាម។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា: រថយន្តពន្លត់អគ្គីភ័យចំនួន៣គ្រឿងនេះ ជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តាមរយៈឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងនោះ ២គ្រឿងប្រគល់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលកោះរការ និងប៉ុស្តិ៍ រដ្ឋបាលកោះសំរោង នៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និង១គ្រឿងទៀត ប្រគល់ជូនប៉ុស្តិ៍ នគរបាលរដ្ឋបាលកោះសូទិន នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន​ ព្រោះនៅក្នុងមូលដ្ឋានហើយនឹងអាចចេញអន្តរាគមន៍បានទាំងយប់ទាំងថ្ងៃ។
លោក វរៈសេនីយ៍ឯក យ៉ន ឌីន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា ខេត្តកំពង់ចាម មានរថយន្តពន្លត់ អគ្គីភ័យ សរុប ១៧គ្រឿង (រថយន្តស្ទូច ១គ្រឿង) ក្នុងនោះស្នងការដ្ឋាននគបាលខេត្ត មាន៤គ្រឿង អធិការដ្ឋាននគរបាលស្រុកបាធាយ មាន២គ្រឿង ស្រុកស្រីសន្ធរ មាន២គ្រឿង ស្រុកព្រៃឈរ មាន២គ្រឿង និងនៅតាម បណ្តាក្រុងស្រុកទាំង៧ទៀត មានរថយន្តពន្លត់អគ្គីភ័យ ១គ្រឿងៗដូចគ្នា។
ចំណែកលោកសន សុខ មេឃុំកោះសំរោងវិញមានប្រសាសន៍ឲ្យដឹងដែលថា កន្លងមករូបលោកចង់បានរថយន្តពន្លត់អគ្គីភ័យមួយគ្រឿងនៅក្នុងឃុំកោះសំរោង ស្រុកកំពង់សៀមដែលហ៊ុព័ទ្ធទៅដោយទឹកទន្លេមេគង្គ។ ការទន្ទឹងរង់ចាំពេលនេះបានដូចបំណងត្រូវបានឯកឧត្តមអភិបាលខេត្តប្រគល់ជូនប៉ុស្តិ៍រដ្ឋបាលកោះសំរោង ដែលមានប្រជាជនរស់នៅសរុបចំនួន១៥៧០ គ្រួសារស្មើ១២០០ខ្នងផ្ទះមានមនុស្សប្រមាណជាង៧៦០០នាក់ ។ដូច្នេះបើមានគ្រោះអគ្គីភ័យកើតឡើងនៅភូមិណាមួយនោះរថយន្តនេះនឹងអាចចេញអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី
អត្ថបទដែលជាប់ទាក់ទង