Meta ប្រើ AI ជំនួសមនុស្សក្នុងការវាយតម្លៃហានិភ័យផលិតផល
(បរទេស)៖ ក្រុមហ៊ុន Meta គ្រោងអនុវត្តន៍វិធីសាស្ត្រថ្មីលើការវាយតម្លៃហានិភ័យផលិតផលរបស់ខ្លួន តាមរយៈការប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិមិត្ត (AI)។ យោងតាមឯកសារផ្ទៃក្នុងដែលត្រូវបានរាយការណ៍ដោយ NPR បានឲ្យដឹងថា ប្រព័ន្ធ AI នេះ អាចនឹងទទួលខុសត្រូវក្នុងការវាយតម្លៃពីផលដែលអាចនឹងមានផលប៉ះពាល់ និងហានិភ័យឯកជនភាពរហូតដល់ ៩០%។ វាក៏ជាការអាប់ដេតដែលធ្វើឡើងចំពោះកម្មវិធីរបស់ Meta ដូចជា Instagram និង WhatsApp ផងដែរ។ នេះបើតាមការចេញផ្សាយដោយគេហទំព័រព័ត៌មាន Tech Crunch។
បច្ចុប្បន្ន កិច្ចព្រមព្រៀងឆ្នាំ២០១២ រវាង Facebook និងគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) តម្រូវឱ្យក្រុមហ៊ុនធ្វើការត្រួតពិនិត្យឯកជនភាពលើផលិតផលរបស់ខ្លួន ដោយវាយតម្លៃហានិភ័យនានាដែលអាចកើតមានឡើង។ រហូតមកដល់ពេលនេះ ការត្រួតពិនិត្យទាំងនោះភាគច្រើនត្រូវបានធ្វើឡើងដោយការវាយតម្លៃពីមនុស្ស ហើយពេលនេះ គឺមានជំនួយពី AI បន្ថែមទៀត។ វិធីសាស្រ្តដែលផ្អែកលើ AI នេះនឹងអនុញ្ញាតឱ្យ Meta អាប់ដេតផលិតផលរបស់ខ្លួនបានលឿនជាងមុន។
ទោះជាយ៉ាងណាក៏ដោយ អតីតនាយកប្រតិបត្តិម្នាក់បានប្រាប់ NPR ថា ការវាយតម្លៃដោយ AI ក៏បង្កើត «ហានិភ័យខ្ពស់ជាងមុន» ផងដែរ ដោយសារតែផលវិបាកអវិជ្ជមាននៃការផ្លាស់ប្តូរផលិតផល ទំនងជាមិនសូវត្រូវបានទប់ស្កាត់ ឬកត់សម្គាល់ដោយ AI…»។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យរបស់ Meta បានឱ្យដឹងថា ក្រុមហ៊ុនបាន «វិនិយោគជាង ៨ពាន់លានដុល្លារនៅក្នុងកម្មវិធីឯកជនភាព» ហើយប្តេជ្ញា «ផ្តល់ផលិតផល ឬសេវាកម្មប្រកបដោយភាពច្នៃប្រឌិតសម្រាប់មនុស្ស អំឡុងពេលបំពេញកាតព្វកិច្ចនានា»។
គួរជម្រាបថា គម្រោងវាយតម្លៃដែលជំរុញដោយ AI នេះ ត្រូវបានគេចាត់ទុកថាជាការប្តេជ្ញាចិត្តរបស់ Meta ក្នុងការបញ្ចូល AI ទៅក្នុងប្រតិបត្តិការស្នូលរបស់ខ្លួន។ ទោះបីជាវាអាចបង្កើនល្បឿននៃការអភិវឌ្ឍន៍ផលិតផលក៏ដោយ ការកាត់បន្ថយការពឹងផ្អែកលើការត្រួតពិនិត្យដោយមនុស្សក្នុងការវាយតម្លៃហានិភ័យ អាចនឹងក្លាយជាប្រភពនៃភាពចម្រូងចម្រាស និងការព្រួយបារម្ភអំពីសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់នាពេលអនាគត៕