វាយគេរួចរត់ទៅដេកនៅសណ្ឋាគារឯខេត្តកោះកុង សមត្ថកិច្ចខេត្តកំពង់ស្ពឺតាមចាប់ឲ្យមកទទួលទោស

ខេត្តកំពង់ស្ពឺ ៖ ជនដៃដល់ម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ស្ពឺតាមចាប់ខ្លួន រហូតដល់ខេត្តកោះកុង ខណៈដែលយកសោវាយទៅលើជនរងគ្រោះបែកក្បាលដេរជាច្រើនថ្នេរ រួចជិះម៉ូតូគេច ខ្លួនដេកក្នុងសណ្ឋាគាររហូតដល់ខេត្តកោះកុង ។ ការឃាត់ជនដៃដល់បាន កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចក្នុងសណ្ឋាគារ យីហោ សៀងហៃ ស្ថិតនៅក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។

នគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ជនដៃដល់ដែលឃាត់ខ្លួនមានឈ្មោះ ស៊ឹម លីហ៊ួ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិត្រពាំងក្រឡឹង ឃុំគិរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលខេត្តកំពង់ស្ពឺ បានបន្តថា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុកភ្នំស្រួច បានទទួលពាក្យ បណ្ដឹងពីឈ្មោះ ឈីម ចិត្រា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិក្រាំងបឹង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នៅក្នុងពាក្យបណ្តឹង កាលពីវេលាម៉ោង១៩និង៥០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ជនរងគ្រោះនិងមិត្តភក្តិឈ្មោះ ព្រុំ វីន ភេទប្រុស អាយុ២៥ឆ្នាំ ទាំងពីរនាក់រស់ នៅភូមិជាមួយគ្នាបានជិះម៉ូតូ០១គ្រឿង ចេញពីហូបបុកល្ហុង នៅភូមិក្រាំងប្រស្រុក ឃុំគីរីវន្ដ សំដៅទៅផ្ទះ។ពេលជិះដល់ចំណុចថ្នល់បំបែក ស្ថិតក្នុងភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច បានឈប់ម៉ូតូចុះទិញមាន់អាំង ដើម្បីយកទៅផ្ទះ ។ ពេលកំពុងអង្គុយចាំយកមាន់អាំង ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ដែលគេស្គាល់ទី១-ឈ្មោះ ស៊ឹម លីហ៊ួ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងក្រឡឹង ឃុំឃុំគិរីវន្ដ ស្រុកភ្នំស្រួច និងម្នាក់ទៀតមិនស្គាល់ឈ្មោះបានជិះម៉ូតូ១គ្រឿង មិនចាំម៉ាក មកពីទិសខាងជើងបានមកឈប់ក្បែរពួកខ្លួន រួចក៏បានយកកូនសោសម្រាប់ដោះម៉ូតូវាយទៅលើឈ្មោះ ឈីម ចិត្រា (មិត្តភក្តិ) ចំដៃខាងឆ្វេង និងក្បាលពីលើបណ្ដាលឱ្យបែកហូរឈាម រងរបួសធ្ងន់ ពេលធ្វើសកម្មភាពវាយរួច ក្រុមជនសង្ស័យដៃដល់ទាំងពីរនាក់ខាងលើ បានជិះម៉ូតូត្រឡប់ទៅទិសខាងជើងវិញបាត់ទៅ ។
ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិឈ្មោះ ព្រះ វីន ដឹកយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ។
នគរបាលខេត្តកំពង់ស្ពឺ បានបន្តទៀតថា រហូតដល់វេលាម៉ោង១៨និង៣០នាទីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ដោយមានការបញ្ជាពីលោកស្នងការ ហើយលោកស្នង ការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌស្រាលសហការជាមួយកម្លាំងអធិការនគរបាលស្រុកភ្នំស្រួច និងកម្លាំងនគរបាលស្រុកគិរីសាគរនៃខេត្តកោះកុងបានឃាត់ជនសង្ស័យដៃដល់ដែលមានឈ្មោះ ស៊ឹម លីហ៊ួ ភេទប្រុស អាយុ២១ឆ្នាំ នៅចំណុចក្នុងសណ្ឋាគារសៀងហៃ ស្ថិតនៅភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ដកហូតម៉ូតូ០១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KQ-3479 ប្រគល់ឲ្យការិព្រហ្មទណ្ឌស្រាលនៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ដើម្បីសួរនាំ ។
លុះដល់វេលាម៉ោង៨និង៣៨នាទីព្រឹក ថ្ងៃទី៣០ ខែ ឧសភា ឆ្នាំ២០២៥ បានបន្ដទៅដកហូតសោ(លេខ២៤) ដែលធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ នៅចំណុចភូមិគីរីរស្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួចនោះ ។
ចំណែកបក្ខពួកជនដៃដល់ដែលរត់គេចខ្លួន កម្លាំងសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ជនសង្ស័យដៃដល់ រួមជាមួយវត្ថុតាងខាងលើ នគរបាលជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង