លួចម៉ូតូពីមុខសាលា! ជនសង្ស័យរត់ចូលព្រៃ តែត្រូវបានសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនបានវិញ
កណ្ដាល ៖ នៅថ្ងៃទី ៣០ ឧសភា ២០២៥ វេលាម៉ោង ១១:៤០ នាទី ជនសង្ស័យឈ្មោះ រុន សុធន ហៅ ពៅ ភេទប្រុស អាយុ ២៥ ឆ្នាំ បានធ្វើសកម្មភាពលួចម៉ូតូរបស់នារីរងគ្រោះម្នាក់ឈ្មោះ ប៊ិល ថាវរី ពីមុខសាលាបឋមសិក្សាហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។
ជនសង្ស័យបានបញ្ឆេះម៉ូតូជិះគេចខ្លួន តែត្រូវបានបងប្អូនជនរងគ្រោះដេញតាមរហូតដល់ភូមិដំរីឆ្លង ហើយជនសង្ស័យក៏បានផ្ដួលម៉ូតូចោលរត់ចូលព្រៃ។ ក្រោយទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលខ្ពបបានចុះស្វែងរក និងឃាត់ខ្លួនជនសង្ស័យបាននៅចំណុចភូមិខ្ពបលើ។ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចម៉ូតូនេះ ហើយលទ្ធផលតេស្តទឹកនោមក៏វិជ្ជមានសារធាតុញៀនផងដែរ។
ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕