រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ៖ ក្នុងរដូវទេសចរណ៍បៃតង គឺពឹងអាស្រ័យខ្លាំងទេសចរក្នុងស្រុកដើរកម្សាន្ត
ភ្នំពេញ ៖ នៅថ្ងៃទី ២៩ ខែឧសភានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើសន្និសិទសារព័ត៌មាន ផ្សព្វផ្សាយយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង Green Season និងការប្រឆាំងព័ត៌មានក្លែងក្លាយ នៅទីស្តីការក្រសួងព័ត៌មាន សំដៅផ្សព្វផ្សាយជំរុញភ្ញៀវទេសចរនៅក្នុងស្រុកដើរកម្សាន្តឲ្យច្រើននៅគោលដៅទេសចរណ៍ សហគមន៍ទេសចរណ៍នានានៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងថា ស្ថានភាពជារួមទេសចរណ៍កម្ពុជា នៅក្នុងរដូវកាលបៃតង ដែលមានភ្លៀងធ្លាក់ចាប់ពីខែឧសភា ដល់ខែតុលា គឺពុំសូវមានភ្ញៀវទេសចរបរទេសមកទស្សនាច្រើននោះទេ ហើយតាមរយៈការអនុវត្តយុទ្ធនាការទេសចរណ៍រដូវកាលបៃតងនេះ ឯកឧត្តម បានអំពាវនាវ ពលរដ្ឋខ្មែរ និងភ្ញៀវទេសចរនៅក្នុងស្រុកនានា គួរចេញដើរកម្សាន្តឲ្យបានច្រើន ទៅតាមគោលដៅទេសចរណ៍នានា ដើម្បីស្គាល់ជាតិ ស្គាល់ទឹកដី ស្គាល់ភូមិសាស្ត្រ ព្រៃព្រឹក្សាដែលមានទិដ្ឋភាពបៃតងស្រស់ស្អាត និងស្របពេលបណ្តាសេវាកម្មសណ្ឋាគារ ផ្ទះស្នាក់ ម្ហូបអាហារ ការធ្វើដំណើរទេសចរណ៍ជាដើមក៏បានប្រកាសបញ្ចុះតម្លៃពី២០ទៅ៣០% ផងដែរ ល្អជាជាងធ្វើដំណើរទេសចរណ៍ចេញទៅក្រៅប្រទេសក្នុងរដូវកាលនេះ។
នៅក្នុងដំណើរការអនុវត្តយុទ្ធនាការទេសចរណ៍រដូវកាលបៃតងនេះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ ថ្លែងថា កម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយទេសចរមូស្លីម នៅតាមបណ្តាប្រទេសមួយចំនួននៅតំបន់មជ្ឈឹមបូពាហ៌ ឲ្យអញ្ជើញមកទស្សនាកម្ពុជា ក្នុងរដូវកាលភ្លៀងទេសភាពបៃតង ខណៈនៅកម្ពុជា បានត្រៀមខ្លួន និងមានសណ្ឋាគារ មានភោជនីយដ្ឋានអាហារហាឡាល់ បន្ទប់ថ្វាយបង្គំច្រើនកន្លែង និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចទទួលភ្ញៀវទេសចរមូស្លីមពីបណ្តាប្រទេសនានា។
ឯកឧត្តម ហួត ហាក់ បន្តថា នៅក្នុងរយៈពេលនេះ ក្រសួងទេសចរណ៍ ក៏បានសហការជាមួយភាគីពាក់ព័ន្ធរដ្ឋ ឯកជន ស្ថានទូត និងដៃគូនៅក្រៅប្រទេសជាដើម រៀបចំព្រឹត្តិការណ៍ទេសចរណ៍ជាតិ អន្តរជាតិជាច្រើនផងដែរ នៅក្នុងខែនីមួយៗ ខណៈឯកឧត្តម ចាត់ទុកថា មានព្រឹត្តិការណ៍ គឺមានទេសចរដើរកម្សាន្ត។
តាមរយៈការដើរកម្សាន្តនៅក្នុងរដូវកាលទេសចរណ៍បៃតងនេះ ឯកឧត្តម ហួត ហាក់ អំពាវនាវពលរដ្ឋ និងភ្ញៀវទេសចរក្នុងស្រុកនានា រួមគ្នាផ្សព្វផ្សាយព័ត៌មានពិត ក្នុងវិស័យទេសចរណ៍ សូមកុំផ្សព្វផ្សាយ ចែករំលែកព័ត៌មានមិនពិត ខណៈការផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយនេះ ឯកឧត្តមចាត់ទុកថា គឺគ្រាប់បែកមួយ ដែលធ្វើឲ្យភ្ញៀវខ្លាច មិនទៅទស្សនា និងធ្វើឲ្យប៉ះពាលប្រយោជន៍ផ្នែកសេដ្ឋកិច្ចពលរដ្ឋនៅតាមតំបន់ទេសចរណ៍ ៕