សម្តេចកិតិ្តសង្គហបណ្ឌិតម៉ែន សំអន ជួបសម្តែងការគួរសមចំពោះឯកឧត្តម លឿង គឿង នៅទីក្រុងហាណូយ ប្រទេសវៀតណាម
សម្តេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ជួបសម្តែងការគួរសមចំពោះ ឯកឧត្តម លឿង គឿង (Luong Cuong) ប្រធានរដ្ឋនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នៅទីក្រុងហាណូយ ប្រទេសវៀតណាម នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥។
ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិតបានពាំនាំ នូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជូនចំពោះ ឯកឧត្តមប្រធានរដ្ឋ ឯកឧត្តមអគ្គលេខាធិការ តូ ឡឹម ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងអស់នៃគណបក្សកុម្មុយនីសវៀតណាម។ ទន្ទឹមនឹងនោះផងដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវការសាររំលែកទុករបស់ ព្រះមហាក្សត្រ សម្តេចតេជោ និងសម្តេចធិបតី ជូនដល់ក្រុមគ្រួសារសាព ឯកឧត្តម ជិន ឌឹក លឿង (Tran Duc Luong) អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងបានគូសបញ្ជាក់ថាមរណៈភាពរបស់ឯកឧត្តម គឺជាការបាត់បង់នូវធនធាន ក៏ដូចជាថ្នាក់ដឹកនាំមួយរូបដែលបានលះបង់ស្ទើរតែពេញមួយជីវិតក្នុងការបម្រើប្រទេសជាតិ ដើម្បីរួមចំណែកដល់ទំនើបកម្មនៃប្រទេសវៀតណាម។
ជាការឆ្លើយតប ឯកឧត្តម លឿង គឿង ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានចាត់តាំងប្រតិភូមកគោរពវិញ្ញាណក្ខន្ធ និងចូលរួមក្នុងពិធីបុណ្យសព។ ឯកឧត្តមក៏បានក៏បានអបអរសាទរចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការដឹកនាំរបស់សម្ដេចតេជោកន្លងមក ដោយ ឯកឧត្តមសង្កត់ធ្ងន់ថាភាពរីកចម្រើនរបស់កម្ពុជានេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំដោយត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម បានលើកឡើងថា នៅលើពិភពលោកនេះ មិនមានទំនាក់ទំនងណាល្អ ដូចទំនាក់ទំនង វៀតណាម និងកម្ពុជានោះទេ។
ថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាង បក្ស រដ្ឋ រណសិរ្សនៃប្រទេសទាំងពីរ ឲ្យកាន់តែមានភាពរឹងមាំខ្លាំងក្លាថែមទៀត ៕