ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា
ភ្នំពេញ ៖ បន្ទាប់ពីបានជួបជាមួយប្រតិភូមន្ត្រីជាន់ខ្ពស់មុខងារសាធារណៈអាស៊ាន កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅខេត្តព្រះសីហនុ រួចមក ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ង្វៀន មិញវូ (Nguyen Minh Vu) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសមនៅសាលាភូមិន្ទរដ្ឋបាល នារសៀលនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរ និងស្វាគមន៍ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានមកបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនេះ ជំនួបនារសៀលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងបន្ថែមកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម ក្នុងស្មារតីនៃទំនាក់ទំនងល្អ អ្នកជិតខាងល្អ សាមគ្គីភាព និងមិត្តភាពជាប្រពៃណីរបស់ប្រទេសទាំងពីរ។
ភាគីទាំងសង្ខាងបានលើកឡើងនូវប្រធានបទការគ្រប់គ្រង ដឹកនាំ និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ រួមទាំងកិច្ចពិភាក្សាលើការលើកកម្ពស់ និងការបន្តកិច្ចសហប្រតិបត្តិការជាប្រពៃណី រវាងយុវជន និងយុវជននៃប្រទេសទាំងពីរ ៕