លួចទាំងទូរស័ព្ទនិងម៉ូតូមកពីប៉ោយប៉ែត សមត្ថកិច្ចកំពុងសួរនាំស្រាប់តែម្ចាស់ទូរស័ព្ទហៅចូល ក៏បែកការណ៍សមត្ថកិច្ចឃាត់ខ្លួន

ខេត្តបាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងការិយយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន នៅ ថ្ងៃទី ១៨ ឧសភា នៅចំណុចភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ពេលដែលជននេះអំពាវនាវលក់ម៉ូតូ១គ្រឿង ដែលលួចបានមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យ ឈ្មោះ ចឹក ហុកលី ហៅ ម៉េងលី ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
លោកបានឲ្យដឹងថា ជននេះត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន បន្ទាប់ពីជននេះជិះម៉ូតូដើរអំពាវនាវលក់គ្រប់ទីកន្លែង ដែលគួរឲ្យសង្ស័យ ទើបសុំគោលការណ៍លោក ស្នងការ ហៅ មកសួរនាំក៏បែករឿងលួចម៉ូតូគេមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ប្រភពដដែលបានឲ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះ យន់ វិសាល ប្រុសអាយុ២០ឆ្នាំ រស់នៅក្រុងប៉ោយប៉ែត។
ម្ចាស់ម៉ូតូប្រាប់សមត្ថកិច្ចថា ម៉ូតូខ្លួនត្រូវជនសង្ស័យលួច កាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី ១៧ ខែ ឧសភា នៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតក្នុង ភូមិប្រជាធម្មកើតសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះប្រាប់ទៀតថា ក្រោយដឹងថា ជនសង្ស័យខាងលើបានលួចយកម៉ូតូ០១គ្រឿង និង ទូរស័ព្ទ០១គ្រឿងទៀតផង តែភ្លាមៗខ្លួនមិនបានដាក់ពាក្យបណ្ដឺងនៅសមត្ថកិច្ចមូលដ្ឋានទេ ព្រោះប្រញ៉ាប់តាមរកជនសង្ស័យ។
ពេលនោះខ្លួនក៏បានជិះម៉ូតូតាមរកជនសង្ស័យ ហើយខ្លួនដឹងច្បាស់ពីគោលដៅជនសង្ស័យ ដែលជិះគេចទៅបាត់ដំបង ខ្លួនក៏ព្យាយាមស្វែងរក លុះមួយថ្ងៃក្រោយក៏ត្រូវសមត្ថកិច្ចចាប់បានជនដៃដល់នេះតែម្ដង។ ស្នងការរង ទទូលផែនព្រហ្មទណ្ឌ លោក ឈឿង គឹមសុង បានប្រាប់ថា ជនសង្ស័យត្រូវកម្លាំងការិយាល័យជំនាញឃាត់ ខ្លួនយកមកសួរនាំ ក្រោយឃើញជននេះជិះម៉ូតូយកទៅអំពាវនាវលក់គ្រប់ទីកន្លែងដែលគួរឲ្យសង្ស័យ។
លោកស្នងការរងថា ស្របពេលកំពុងសួរនាំ ស្រាប់តែម្ចាស់ម៉ូតបានទូរសព្ទចូលទូរស័ព្ទ(ម្ចាស់ម៉ូតូ) ដែលជន សង្ស័យលួចយកមកជាមួយ ហើយនៅពេលសមត្ថកិច្ចទទូរសព្ទលើកទទួល ទើបដឹងថា ជនសង្ស័យម្នាក់នេះបានលួចម៉ូតូនិងទូរស័ព្ទជនរងគ្រោះ មកពីប៉ោយប៉ែត ទើបលោកស្នងការនិងលោកព្រះរាជអាជ្ញារបញ្ជាឲ្យឃាត់ខ្លួនតែម្ដង។
ឃាត់ខ្លួន ដកហូតបានម៉ូតូ០២គ្រឿង និងទូរស័ព្ទ០១គ្រឿងផង។ ពេលនេះមន្ត្រីជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យរូបនេះទៅកាន់សាលាដំបូងហើយ៕

អត្ថបទដែលជាប់ទាក់ទង