ស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញដេកនៅក្នុងដីឡូតិ៍មួយកន្លែង សង្ស័យថា គេដឹកយកទៅទម្លាក់ចោលនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ
ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកនៅក្នុងដីឡូតិ៍មួយកន្លែងដែលគេសង្ស័យថា គេដឹកយកទៅទម្លាក់ចោលនៅក្នុង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
ហេតុការណ៍នេះ បង្កអោយមានការភ្ញាក់ផ្អើល នៅ ថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៥ ហើយនគរបាលមូលដ្ឋានក៏បានទាក់ទងហៅរថយន្តបញ្ជូនទៅកាន់មណ្ឌលសុខភាពព្រែកព្នៅ ។ ស្ត្រីរូបនោះមានអាយុប្រមាណជាង30 ឆ្នាំ ពុំត្រូវគេស្គាល់អត្តសញ្ញាណឡើយ។
តាមព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងប្រមាណ៥ព្រឹក គេប្រទះឃើញស្ត្រីរូបនោះដេកនៅក្បែរចិញ្ចើមផ្លូវនៅក្នុងដីឡូត៍មួយកន្លែងខាងលើ ដោយពុំមានអ្នកណាចាប់អារម្មណ៍ឡើយ។ លុះនៅវេលាម៉ោងប្រមាណ១១ព្រឹក ក៏មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយរាយការណ៍ទៅសមត្ថកិច្ចចុះទៅត្រួតពិនិត្យកន្លែងកើតហេតុ។ ទោះបីជាយ៉ាងណា គេពុំដឹងថា ស្ត្រីរូបនោះត្រូវបានគេដឹកយកទៅទំលាក់ចោលនៅកន្លែងកើតហេតុតាំងពីពេលណានោះឡើយ ។
តាមព័ត៌មានឲ្យដឹងថា ស្ត្រីរូបនោះមានលក្ខណៈស្គមរីងរៃ ទំនងជាអ្នកជំងឺ ទើបតែចេញពីមន្ទីរពេទ្យ ហើយត្រូវបានគេដឹកយកទៅទំលាក់ចោលនៅកន្លែងកើតហេតុ ព្រោះនៅក្បែរស្ត្រីរូបនោះមានខោទឹកនោមនិងមានខោអាវនិងផ្លែឈើផងដែរ។ បន្ទាប់ពីមានការភ្ញាក់ផ្អើលនគរបាលមូលដ្ឋានក៏បានទាក់ទង ហៅរថយន្តសាម៉ុយបញ្ជូនទៅមណ្ឌលសុខភាពព្រែកព្នៅ ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារ៕