សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ
(ពោធិ៍សាត់)៖ នៅថ្ងៃសៅរ៍ ៦រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាកម្ពស់៣ជាន់ ១៨បន្ទប់ និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ដែលជាចំណងដៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជាប្រើជាប្រយោជន៍សម្រាប់ការសិក្សារៀនសូត្ររបស់កូនចៅប្រជាពលរដ្ឋធ្លាប់ជាដែនដីដាច់ស្រយាលមួយក្នុងខេត្តពោធិ៍សាត់។
វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។ វិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ គឺជាវិទ្យាល័យតែមួយគត់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់។ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ មានគ្រូសរុបចំនួន ៣១នាក់ ស្រី ១៣នាក់ និងមានសិស្សសរុប ៩៨៥នាក់ ស្រី ៥១២នាក់ មានអគារសិក្សាសរុប ៣ខ្នង ស្មើនឹង ២៨បន្ទប់ អគារស្នាក់នៅ ០២ខ្នង ស្មើនឹង ២៥បន្ទប់ និងទីចាត់ការ ០១ខ្នង ស្មើនឹង ០៣បន្ទប់។
ពីដំបូងវិទ្យាល័យនេះ គឺជាអនុវិទ្យាល័យប្រម៉ោយ ត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ២០០៣ មានអគារសិក្សា ១ខ្នង ៥បន្ទប់ និងបង្គន់អនាម័យចំនួន១ ដែលជាជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស៊ី មានគ្រូបង្រៀនចំនួន ៤នាក់ និងបានទទួលសិស្សឱ្យចូលរៀនថ្នាក់ទី៧ ចំនួន ៤៣ នាក់ ស្រី ២៩នាក់ប៉ុណ្ណោះ។
ដោយមានកំណើនសិស្សកើនឡើង ក្នុងឆ្នាំសិក្សា២០០៧-២០០៨ អនុវិទ្យាល័យប្រម៉ោយ បានប្រែក្លាយទៅជាវិទ្យាល័យប្រម៉ោយ និងមានសិស្សានុសិស្សសរុបចំនួន ២២៣នាក់ ស្រី ៨៨នាក់ មានគ្រូបង្រៀនចំនួន ៩នាក់។ ដោយមើលឃើញពីទុក្ខលំបាករបស់គ្រូបង្រៀន និងសិស្សានុសិស្ស ដែលមានទីលំនៅឆ្ងាយៗពីវិទ្យាល័យ ហើយបានមកបង្រៀន និងសិក្សារៀនសូត្រនៅទីនេះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ជូនអគារស្នាក់នៅ ១ខ្នង មាន៥បន្ទប់, បង្គន់អនាម័យ ២ខ្នង មាន ៦បន្ទប់ និងគ្រែចំនួន ៣៥គ្រែ ដើម្បីជួយសម្រួលដល់ការស្នាក់នៅរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។
ក្នុងឆ្នាំសិក្សា ២០១១-២០១២ វិទ្យាល័យប្រម៉ោយ បានកសាងអគារទីចាត់ការ ១ខ្នង ដើម្បីជួយសម្រួលកិច្ចការងាររដ្ឋបាល និងការងារផ្សេងៗនៅក្នុងវិទ្យាល័យ ដោយបានទទួលការឧបត្ថម្ភគាំទ្រពីលោកអ្នកឧកញ៉ា ទ្រី ភាព។
ក្រោយពេលផ្លូវជាតិលេខ៥៥ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នាឆ្នាំ២០២០ បានធ្វើឱ្យស្រុកវាលវែង ដែលធ្លាប់ជាតំបន់ដាច់ស្រយាល និងមិនសូវមានអ្នកមកដល់នោះ ប្រែក្លាយទៅជាទីប្រតិព័ទ្ធ ហើយក៏មានប្រជាពលរដ្ឋពីតំបន់នានាមកតាំងទីលំនៅយ៉ាងច្រើន។ កំណើនប្រជាពលរដ្ឋកាន់តែច្រើនលើទឹកដីអតីតសមរភូមិសង្គ្រាមនេះ បានធ្វើឱ្យកំណើនរបស់សិស្សមានចំនួនកាន់តែច្រើន។
ឆ្លើយតបកំណើនសិស្សកាន់តែច្រើនពីមួយឆ្នាំទៅមួយឆ្នាំនេះ ក្នុងពេលអញ្ជើញមកសម្ពោធផ្លូវជាតិលេខ៥៥ កាលពីឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្រេចចាត់ចែងឱ្យសាងសង់អគារសិក្សា និងសមិទ្ធផលនានានៅក្នុងវិទ្យាល័យនេះ។
សមិទ្ធផលដែលជាអំណោយដ៏វិសេសវិសាលរបស់សម្តេចតេជោ រួមមាន៖ អគារសិក្សា១ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង១៨បន្ទប់, ទីចាត់ការ១ខ្នង មាន ៣បន្ទប់, អន្តេវាសិកដ្ឋាន ១ខ្នង កម្ពស់ ២ជាន់ ស្មើនឹង ២០បន្ទប់, ក្លោងទ្វារ២, ផ្លូវបេតុងប្រវែង ២.៦៤០ម៉ែត្រ, របងព័ទ្ធជុំវិញប្រវែង ១.៣៥០ម៉ែត្រ, ទីលានបាល់បោះ១, ទីលានបាល់ទះ១ និងដងទង់ជាតិ១ និងសមិទ្ធផលផ្សេងៗមួយចំនួនទៀត។
សមិទ្ធផលទាំងអស់នេះ បានសាងសង់រួចរាល់ជាស្ថាពរ ហើយក្លាយទៅជាសមិទ្ធផលវិសេសវិសាលបំផុតសម្រាប់សិស្សានុសិស្សនៅលើដែនដីជនបទក្រេបជញ្ជក់ចំណេះដឹងប្រកបដោយក្តីរីករាយ។
លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានឱ្យដឹងផងដែរថា បច្ចុប្បន្នេះ ខេត្តពោធិ៍សាត់មានគ្រឹះស្ថានសិក្សារដ្ឋ និងឯកជនសរុបចំនួន ៤១១កន្លែង មានអគារសិក្សា ៩០៩ខ្នង ស្មើនឹង ២.៨៥១បន្ទប់រៀន។ ក្នុងនោះសាលាមត្តេយសិក្សារដ្ឋមានចំនួន ២៣កន្លែង មានអគារសិក្សា ២៥ខ្នង ស្មើនឹង ២៨៥បន្ទប់រៀន, មត្តេយ្យសិក្សាសហគមន៍មានចំនួន ៧៣កន្លែង, បឋមសិក្សារដ្ឋមានចំនួន ៣០៨កន្លែង មានអគារសិក្សា ៦៣៤ខ្នង ស្មើនឹង ១.៧២៤បន្ទប់រៀន និងមធ្យមសិក្សារដ្ឋមានចំនួន ៦១កន្លែង មានអគារសិក្សា ២១៧ខ្នង ស្មើនឹង ៦៩៩បន្ទប់រៀន រួមមាន៖ អនុវិទ្យាល័យចំនួន ៤៤កន្លែង មានអគារសិក្សា ១០៧ខ្នង ស្មើនឹង ៣១៨បន្ទប់រៀន និងវិទ្យាល័យចំនួន ១៧កន្លែង មានអគារសិក្សា ១១០ខ្នង ស្មើនឹង ៣៨១បន្ទប់រៀន, មានគ្រឹះស្ថានសិក្សាឯកជនគ្រប់ភូមិសិក្សាសរុបចំនួន ១៩កន្លែង មានអគារសិក្សា ៣៣ខ្នង ស្មើនឹង ១៤៣បន្ទប់រៀន រូមមាន៖ មត្តេយ្យសិក្សាចំនួន ០៧កន្លែង មានអគារសិក្សា ១៣ខ្នង ស្មើនឹង ៣៦បន្ទប់រៀន, បឋមសិក្សាចំនួន ០៦កន្លែង មានអគារសិក្សា ១៣ខ្នង ៤០បន្ទប់រៀន, មធ្យមសិក្សាចំនួន ០២កន្លែង មានអគារសិក្សា ០២ខ្នង ស្មើនឹង ០៣បន្ទប់រៀន និងឧត្តមសិក្សាមានចំនួន ០៤កន្លែង មានអគារសិក្សា ០៥ខ្នង ស្មើនឹង ៦៤បន្ទប់រៀន។
លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ដើម្បីលើកកម្ពស់ការអប់រំនៅក្នុងខេត្តពោធិ៍សាត់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយអគារសិក្សាសរុបចំនួន ១៤៥ខ្នង ស្មើនឹង ៨៧៦បន្ទប់។ ក្នុងនោះ អគារសាលាបឋមសិក្សាសរុប ៧៦ខ្នង ស្មើនឹង ៤៦៥បន្ទប់, អគារអនុវិទ្យាល័យសរុប ២០ខ្នង ស្មើនឹង ១១០បន្ទប់, អគារវិទ្យាល័យសរុប ៤៧ខ្នង ស្មើនឹង ២៨៩បន្ទប់, អគារសាលាគរុកោសល្យ ០២ខ្នង ស្មើនឹង ១២បន្ទប់៕