កម្ពុជា-អាមេរិកកំពុងពិនិត្យលទ្ធភាព ជំរុញពាណិជ្ជកម្ម និងបង្កើនការវិនិយោគពីអាមេរិក មកកម្ពុជា
វ៉ាស៊ីនតោនឌីស៊ី៖ ប្រតិភូកម្ពុជាជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសមាជិកសភាសហរដ្ឋអាមេរិក និងនាយកប្រតិបត្តិនៃ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ក្នុងការពិនិត្យលទ្ធភាពរួមគ្នា លើកិច្ចសហប្រតិបត្តិការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅ កម្ពុជា ដើម្បីបង្កើនការវិនិយោគពីអាមេរិកមកនៅកម្ពុជាបន្ថែម។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិចកូ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងនៅក្នុងតំបន់) បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកជំទាវ Carol Miller សមាជិកសភាសហរដ្ឋអាមេរិក, ជំនួបនោះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សាពិនិត្យលទ្ធភាពរួមគ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា សំដៅជំរុញបង្កើនការវិនិយោគពីអាមេរិក មក បណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។
នៅក្នុងថ្ងៃដ៍ដែលនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ted Osius ប្រធាន និង ជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ABC) ដោយមានការចូលរួមផងដែរពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងឯកឧត្តម កុយ គួង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងប្រទេសម៉ិចស៊ិចកូ។
ជំនួបនាឱកាសនេះបានរៀបចំឡើង ដើម្បីពិភាក្សា ពិនិត្យលទ្ធភាពរួមគ្នា ក្នុងការពង្រឹង និងជំរុញការវិនិយោគឯកជន ពីសហរដ្ឋអាមេរិកមកកម្ពុជា ឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារនេះក៏មានវត្តមានចូលរួមពី ឯកឧត្តម Wiliam Heidt អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា និងតំណាងក្រុមហ៊ុន Chevron ផងដែរ៕