រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជាឱ្យកាន់តែល្អប្រសើរថែមទៀត
នារសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងសន្ដិសុខសាធារណៈវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយឧត្តមសេនីយ៍ លឿង តាមខ្វាង បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចបវរធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការអបអរសាទរចំពោះការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា និងបានបង្ហាញដោយសុទិដ្ឋិនិយមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចបវរធិបតី និងក្រោមម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី កម្ពុជានឹងសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនជាតិ និងប្រជាជនកម្ពុជា។ ជាមួយគ្នានេះ, ឯកឧត្តមបានសម្ដែងនូវក្ដីសោមនស្សចំពោះភាពរីកចម្រើននៃចំណងមិត្តភាព, ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និង កម្ពុជា, ជាពិសេសកិច្ចសហប្រតិបត្តិការរវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលជាសសរស្តម្ភ នៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ដូចជាការជួញដូរមនុស្ស, បទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀនជាដើម។ បន្ថែមលើនេះ, ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តថា៖ ក្រសួងសន្តិសុខសាធារណៈវៀតណាម នឹងបន្តពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ឱ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិសុខ, ស្ថិរភាព និង ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជន និងប្រទេស ទាំងពីរ។
ជាការឆ្លើយតប, សម្ដេចបវរធិបតី បានស្វាគមន៍ និងអរគុណឯកឧត្តមរដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៨០ ថ្ងៃកំណើតកងកម្លាំងនគរបាលជាតិកម្ពុជា ១៦ ឧសភា ១៩៤៥ – ១៦ ឧសភា ២០២៥។ សម្ដេចបវរធិបតីបានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងសន្តិសុខសាធារណៈវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ដែលត្រូវបានពង្រឹង និង ពង្រីក ជាប់ជាប្រចាំ ។ សម្ដេចបវរធិបតីបានថ្លែងអំណរគុណដល់ក្រសួងសន្តិសុខសាធារណៈវៀតណាម ដែលបានចូលរួមចំណែកដល់ការកសាងធនធានមនុស្សកម្ពុជា តាមរយៈការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពដល់សិក្ខាកាមកម្ពុជា ជាបន្តបន្ទាប់។ ជាមួយគ្នានេះ, សម្ដេចបវរធិបតីបានជំរុញលើកទឹកចិត្តដល់ក្រសួងទាំងពីរបន្តប្រពៃណីនៃកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត ជាពិសេស កិច្ចសហការលើការងារបណ្ដុះបណ្ដាល, ការថែរក្សាសន្តិសុខ, ស្ថិរភាព និងការទប់ស្កាត់ ក៏ដូចជាការបង្ក្រាបបទល្មើសនានា ដើម្បីរួមចំណែកលើកកម្ពស់បន្ថែមទៀត ដល់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ៕