ជម្រើសជាតិនារីកម្ពុជា នឹងប្រកួតមិត្តភាពជាមួយហ្គាំ មុនវគ្គជម្រុះជើងឯកអាស៊ី ឆ្នាំ២០២៦

ក្រុមបាល់ទាត់ជម្រើសជាតិនារីកម្ពុជា នឹងត្រូវធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិហ្គាំ នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ ។ នេះបើតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា កាលពីល្ងាចថ្ងៃអង្គារ៍កន្លងទៅ។
នេះគឺជាការប្រកួតមិត្តភាពក្នុងដីលើកដំបូងបំផុតរបស់ក្រុមជម្រើសជាតិនារីកម្ពុជា ស្របពេលក្រុមកីឡាការិនីកម្ពុជា មានភារកិច្ចត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះបាល់ទាត់នារីជើងឯកអាស៊ី AFC Women’s Asian Cup Australia 2026 ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។
យ៉ាងណាមិញមកទល់ពេលនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នៅមិនទាន់បង្ហាញពីសមាសភាពកីឡាការិនី ដែលត្រូវកោះហៅប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតមិត្តភាពអន្ដរជាតិនេះ ក៏ដូចជាត្រៀមការប្រកួតផ្លូវការក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់នារីជើងឯកអាស៊ីនៅឡើយទេ។
គួរដឹងថា វគ្គជម្រុះពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គឺការប្រកួតជម្រុះពូលG ដែលមានបេក្ខភាព ៤ក្រុម ក្នុងនោះមានក្រុមម្ចាស់ផ្ទះកម្ពុជា ហុងកុង ហ្វីលីពីន និងអារ៉ាប់ប៊ីសាអូឌីត ។ នេះគឺជាសករាជថ្មីមួយ ដែលវិស័យបាល់ទាត់នារីនៅកម្ពុជា មានភាពរីកចម្រើន និងមានសកម្មភាពក្នុងការប្រកួតកម្រិតអន្ដរជាតិ ពិសេសការចូលរួមលើកដំបូងក្នុងវគ្គជម្រុះព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ៕

អត្ថបទដែលជាប់ទាក់ទង