ប្រទះឃើញសាកស..ព២នាក់ប្ដីប្រពន្ធស្អុយរលួយ, សង្ស័យប្ដីចាក់សម្លាប់ប្រពន្ធ រួចទើបស..ម្លាប់ខ្លួនឯងតាមក្រោយ

ខេត្តក្រចេះ ៖ មន្ត្រីនគរបាលមូលដ្ឋានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ប្រជាពលរដ្ឋបានប្រទះឃើញសាកសពប្តីប្រពន្ធ២នាក់ស្លាប់ក្នុងស្ថានភាពស្អុយរលួយ នៅចំណុចដីឡូត៍លេខ៧៩ កសិដ្ឋាន១ ក្រុមហ៊ុនដុងភូ ស្ថិតនៅភូមិអូរអន្ត្រែង ឃុំរលួសមានជ័យ ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ។

បើតាមការបង្ហើបឲ្យដឹងថា នេះជាករណីប្តីចាក់សម្លាប់ប្រពន្ធ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនមានការអះអាងផ្តើមចេញពីរឿងអ្វីឡើយ គឺស្ថិតក្នុងភាពអាថ៌កំបាំង។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យដឹងថា សាកសពបុរសជាប្តីឈ្មោះ ដែន ដន អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករកាត់ស្មៅ និងសាកសពប្រពន្ធឈ្មោះ ស្រែន ណាងចេញ អាយុ៤៤ ឆ្នាំ ជនជាតិគ្រឹង មុខរបរកម្មករកាត់ស្មៅដូចគ្នា ។
ករណីនេះត្រូវបានឈ្មោះ ដែន ផែន ជាប្អូនបង្កើតរបស់ ឈ្មោះ ដែន ដន រៀបរាប់ឲ្យដឹងថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៥ បងប្រុសរបស់ខ្លួន និងប្រពន្ធបានមកធ្វើការកាត់ស្មៅជាមួយខ្លួនឲ្យក្រុមហ៊ុនខាងលើ ។ លុះនៅព្រឹកថ្ងៃទី៥ ខែឆ្នាំដដែល បងប្រុសនិងប្រពន្ធបានដើរចូលព្រៃក្រោយផ្ទះ ដើម្បីទៅរកដើមរុក្ខជាតិធ្វើថ្នាំខ្មែរ ហើយក៏បាត់មិនឃើញត្រឡប់មកផ្ទះវិញចាប់ពីថ្ងៃនោះមក ។
ខណៈបាត់បងប្រុសបង្កើតនិងបងថ្លៃស្រីមិនឃើញមកផ្ទះ ក្នុងនាមជាប្អូនក៏ចេះតែដើររករហូតដល់ថ្ងៃទី១០ ខែឆ្នាំដដែល ខ្លួនបានជិះម៉ូតូចូលព្រៃដើម្បីកាប់ឫស្សីជួសជុលកន្លែងស្នាក់នៅ ។ ពេលទៅដល់កន្លែងកើតហេតុក៏ធុំក្លិនស្អុយ ខ្លួនក៏ជិះម៉ូតូមកហៅកម្មករឲ្យទៅជួយមើល ពេលកម្មករ ២.៣ នាក់នាំគ្នាទៅដល់ទីនោះ ទើបដឹងថាជាក្លិនស្អុយសាកសពមនុស្ស ហើយពេលពិនិត្យទើបដឹងថាគឺជាបងបង្កើតនិងប្រពន្ធគាត់ ។ បន្ទាប់មកប្អូនប្រុសនិងកម្មករ បានយករឿងនេះទៅប្រាប់ក្រុមហ៊ុនឲ្យដឹងនិងរាយការណ៍ជូនសមត្តកិច្ចផងដែរ ។
សមត្ថកិច្ចនគរបាលស្រុកអូរគ្រៀងសែនជ័យ សហការជាមួយកម្លាំងជំនាញខេត្ត និងកម្លាំងប៉ុស្តិ៍ននគរបាល ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះទៅពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យវិច័យលើសាកសព ដោយបានសន្និដ្ឋានជំហានដំបូងថា បុរសជាប្តីបានចាក់សម្លាប់ប្រពន្ធ រួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ ប៉ុន្តែមិនទាន់ដឹងពីមូលហេតុអ្វីនៅឡើយទេ ។
ក្រោយពិនិត្យសាកសពទាំងពីររួច សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទដែលជាប់ទាក់ទង