ស្រាវជ្រាវ និងឃាត់ខ្លួនសន្តិសុខ ផ្សារទួលពង្រ២នាក់ ដែលដើរប្រូលលុយពីប្រជាពលរដ្ឋ លក់ដូរនៅតាមចិញ្ចើមថ្នល់
ភ្នំពេញ ៖ កម្លាំងរដ្ឋបាលសាលាខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងនគរនាលប៉ុស្តិ៍ចោមចៅទី១ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនសន្តិសុខ ផ្សារទួលពង្រ២នាក់ ដែលដើរប្រូលលុយពីប្រជាពលរដ្ឋលក់ដូរនៅតាមចិញ្ចើមថ្នល់។ ការប្រមូលប្រាក់នេះ មិនរើសមុខឡើយ ដែលសូម្បីតែអ្នកលក់លៀសហាល តាមកង់ ឬម៉ូតូ ក៏មិនលើកលែងផង ត្រូវតែបង់ឲ្យពួកគាត់ជាប្រចាំខែ ដោយពុំអាចខកខាននោះទេ បើមិនដូច្នេះទេ និងត្រូវដេញចេញមិនអាចដាក់លក់ដូរនៅទីនោះបានឡើយ ។
ក្រុមអ្នកយកប្រាក់ពីប្រជាពលរដ្ឋ បានចាត់ទុកចិញ្ចើមថ្នល់ គឺជាទីតាំងរបស់ពួកគេទៅហើយ មិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្រីក្រឡើយ ទង្វើបែបនេះ បានបង្កជាហេតុនាំឲ្យប្រជាពលរដ្ឋសម្ដែងនូវការក្ដៅក្រហាយគ្រប់គ្នា ហើយក៏បានរាយការណ៍ប្រាប់ឲ្យអាជ្ញាធរបានដឹង ទើបមានការចុះបង្ក្រាបតែម្ដង ។
ឃាត់ខ្លួនអ្នកដើរប្រមូលប្រាក់ខាងលើនោះ បានធ្វើឡើងកាលពី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវទួលពង្រ ត្រង់ចំណុចមុខរោងចក្រ ហុង វ័ន ស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាតចោមទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជនសង្ស័យទី១, ឈ្មោះ ម៉ី សាផាត ភេទប្រុស អាយុ៤១ឆ្នាំ ទី២, ឈ្មោៈ សា ម៉ាក់ឆាន ភេទប្រុស អាយុ៤២ឆ្នាំ អ្នកទាំង២នេះ មុខរបសន្តិសុខផ្សារទួលពង្រ ស្នាក់នៅក្នុងផ្សារទួលពង្រ ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ័ រាជធានីភ្នំពេញ ។ ប៉ុន្តែនៅពុំទាន់ដឹងថា តើមានអ្នកបញ្ជាពីក្រោយខ្នងឲ្យបុគ្គលទាំង២នាក់ ដើរប្រមូលប្រាក់ពីប្រជាពលរដ្ឋ ដើម្បីចែកភាគរយគ្នា ឬក៏បុគ្គលនេះ ដើរប្រមូលយកប្រាក់ដាក់ក្នុងហោប៉ៅខ្លួនឯងនៅឡើយទេ ។
ប្រជាពលរដ្ឋ ដែលលក់ដូរនៅតាមចញ្ចើមផ្លូវនោះ មិនធំដុំនោះទេ ខ្លះលក់សម្ភារៈប្រើប្រាស់ផ្សេងៗ ខ្លះលក់បន្លែ ផ្លែឈើ ត្រីសាច់ ចំណីចំណុក និងលៀសហាលជាដើម គ្រាន់បានប្រាក់ចំណេញចិញ្ចឹមជីវិត ទាំងការលំបាកលំបិន ប៉ុន្តែពួកាត់ត្រូវបានតម្រូវឲ្យបង់ប្រាក់កន្លែងលក់ប្រចាំខែ ជារៀងរាល់ខែ។ ក្នុងនោះ១កន្លែងចាប់ចាប់ពី១៥ដុល្លារ ទៅ៣០ដុល្លារឡើងទៅ តាមប្រភេទអីវាន់ ដែលដាក់លក់ នៅក្នុង១ខែៗ សូម្បីអ្នកលក់លៀសហាល តាមកង់ ក៏ត្រូវបង់១ខែ ២០ដុល្លារដែរ ដោយសន្តិសុខផ្សារទួលពង្រ ២នាក់ខាងលើនោះ គឺជាអ្នកដើរប្រមូល ប៉ុន្តែពុំដឹងថា ការប្រមូលប្រាក់ពីប្រជាពលរដ្ឋនេះ ពាក់ព័ន្ធជាមួយនឹងផ្សារទួលពង្រ ឬ អត់នោះទេ ។
ប្រភពដដែល បានប្រាប់ទៀតថា ដោយសារតែរកស៊ីកំប៉ិចកំប៉ុកតាមរទេះ តាមរ៉ឺម៉ក តាមកង់និងម៉ូតូ ដែល១ថ្ងៃៗ ចិញ្ចឹមឆ្នាំងស្ទើរមិនគ្រប់ផង ហើយងាកៗដល់ថ្ងៃដល់ខែៗត្រូវបង់ប្រាក់កន្លែងលក់ដូរទៀតនោះ បានធ្វើឲ្យប្រជាពលរដ្ឋមានការក្ដៅក្រហាយ ហើយក៏បានរាយការណ៍រៀបរាប់ពីផលលំបាក់ជូនអាជ្ញាធរខណ្ឌមូលដ្ឋានរបស់ខ្លួន ។
ក្រោយពទទួលបានដំណឹងនេះ ដោយអនុវត្តតាមបទបញ្ជារបស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ លោក ផុន សុផាន អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី១ បានចុះទៅធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យទាំង ២នាក់។ បន្ទាប់មក បានបញ្ជូនទៅកាន់ប៉ុស្តិ៍ចោមចៅទី១ ដើម្បីធ្វើការសាកសួរ បន្ទាប់មកទៀត ក៏បានបញ្ជូនបន្តទៅកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕