ថ្លើមធំមែន ! ហ៑ានចូលលួចរថយន្ដសារ៉ែនរបស់សមត្ថកិច្ច ដល់ក្នុងអង្គភាពអធិការដ្នាននគរបាលក្រុងស្វាយរៀង

ស្វាយរៀង៖ មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរចូលមកក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួចដើរសំដៅទៅលួចយករថយន្ដសារ៉ែនមួយគ្រឿងម៉ាក តូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ ពាក់ស្លាកលេខ នគរបាល 2-4203 រួចជិះចេញទៅបាត់ ដោយសមត្ថកិច្ចស្មានថា កម្លាំងនគរបាលបើកចេញល្បាតចល័តទើបមិនបានសួរនាំ ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៥និង០០នាទី ។

សមត្ថកិច្ចបានឲ្យដឹងថា លុះដល់វេលាម៉ោង០៧និង០០នាទី មិនឃើញរថយន្តត្រឡប់មកវិញ ទើបលោកវរសេនីយ៍ឯក កែន រិទ្ធី បានបញ្ជាអោយកម្លាំងឆែកមើលកាមេរ៉ាសុវត្ថិភាពមើល ឃើញថា នៅវេលាម៉ោង០៤និង៥៨នាទី មានជនមិនស្គាល់អត្តសញ្ញាណម្នាក់បានដើរចូលមកក្នុងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង រួចដើរសំដៅទៅលួចយករថយន្ដសារ៉ែនមួយគ្រឿងម៉ាក តូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ រួចជិះចេញទៅបាត់។
ភ្លាមនោះលោកវរសេនីយ៍ឯក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានទទួលព័ត៌មានពីលោកវរសេនីយ៍ឯក ហែម សាម៉ុត អធិការនគរបាលស្រុកកំពង់រោទិ៍ថា បានឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបានជិះរថយន្ដមួយគ្រឿងម៉ាកតូយូតា(Toyota) កាមរី ស៊េរីឆ្នាំ២០០៣ ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-4203 ជារថយន្ដសារ៉ែនរបស់អធិការនគរបាលក្រុងស្វាយរៀង និងបាននាំយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មីដើម្បីរង់ចាំកម្លាំងនគរបាលក្រុងស្វាយរៀងទៅទទួលជនសង្ស័យឈ្មោះ រួមនឹងវត្ថុតាងយកមកអធិការដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការសាកសួរ។
សមត្ថកិច្ចបានឲ្យដឹងថាជួនសង្ស័យមាន ឈ្មោះ អូន វិចិត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ អូន វិចិត្រ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចយករថយន្ដសារ៉ែន មួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ស៊េរីឆ្នាំ២០០៣ ពាក់ផ្លាកលេខ នគរបាល 2-4203របស់អធិការដ្ឋាននគរបាលក្រុងស្វាយរៀង ប្រាកដមែន។
បន្ទាប់ពីលួចបានហើយ ខ្លួនក៏ជិះគេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ១ ទៅទិសខាងកើត រួចបត់ទៅស្រុកកំពង់រោទិ៍ ដល់ចំណុចភូមិអូរ ឃុំថ្មី ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ក៏ត្រូវសមត្ថកិច្ចឃាត់រូបខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី ប្រគល់អោយសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងតែម្តង។
លោកវរសេនីយ៍ឯក កែន រឹទ្ធី អធិការនគរបាលក្រុងស្វាយរៀងបានប្រាប់សារព័ត៌មានយើងថាចំពោះជនសង្ស័យដែលបានលួចរថយន្តរបស់សមត្ថកិច្ចនោះត្រូវបានដាក់គុកហើយ៕

អត្ថបទដែលជាប់ទាក់ទង