លោក លីម តិចម៉េង ទើបដាច់ចិត្តទម្លាយរឿងលាក់ម្ដាយ យកប្លង់ផ្ទះទៅបញ្ចាំ ដើម្បីព្យាបាលជំងឺម្តាយ
លោក លីម តិចម៉េង ឯណោះវិញ ក្នុងថ្ងៃ «ទិវាម្តាយ» លោកបានធ្វើឱ្យអ្នកគាំទ្ររំជួលចិត្ត ស្រក់ទឹកភ្នែកសឹងគ្រប់គ្នា ខណៈលោកបានរៀបរាប់ពីការលះបង់ ដើម្បីម្តាយ និង ប្អូនស្រីជាទីស្រឡាញ់។
កាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៥ កន្លងទៅនេះ គឺជា «ទិវាម្តាយ» អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក បានឃើញសិល្បករ សិល្បការិនីជាច្រើនបានបង្ហាញក្តីស្រឡាញ់ និង កត្តញ្ញូដល់អ្នកម្តាយ ព្រមទាំងអ្នកមានគុណផងដែរ។ ក្នុងនោះ តារាចម្រៀងប្រុស បានរៀបរាប់ទាំងអួលដើមក នៅលើឆាកប្រគំតន្ត្រី ដោយលោកទម្លាយថា កាលពីឆ្នាំមុនលោកបានបញ្ចាំប្លង់ផ្ទះ ដើម្បីព្យាបាលម្តាយ។
រៀបរាប់ទាំងអួលដើមក បង្ហាញពីការដឹងគុណ និង ការលះបង់អ្វីៗគ្រប់យ៉ាង ដើម្បីមើលជំងឺម្តាយផង និង ប្អូនស្រីផងនោះ លោក លីម តិចម៉េង ក៏បានឱ្យដឹងថា មុនម្តាយឈឺ គឺប្អូនស្រីរបស់លោកមានជំងឺប្រចាំកាយត្រូវព្យាបាល ហើយមិនប៉ុន្មានម្តាយលោកក៏ឈឺមានជំងឺច្រើនមុខទៀត ដូច្នេះហើយ លោកត្រូវការលុយជាចាំបាច់ ដើម្បីម្តាយ ទើបលោកសម្រេចបញ្ចាំប្លង់ផ្ទះ ដោយម្តាយមិនដឹងទេ នេះជាលើកដំបូងហើយ ដែលលោកទម្លាយ៕