ចាប់ខ្លួនជនសង្ស័យ ១៥នាក់ នៅចំណុចភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដម ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងយើងបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន មានការចូលរួមសហការពីគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងតំបន់ស្មុគស្មាញ និងបានបង្ក្រាបជាក់ស្តែង ករណីជួញដូរ, ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងលេងល្បែងស៊ីសងខុសច្បាប់ (Game Joker) នៅចំណុចភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ចំនួន១៥នាក់ ស្រី០៣នាក់ វត្ថុតាងដកហូតរួមមាន៖
១.ក្រាមពណ៌សថ្លាជាគ្រឿងញៀនចំនួន ៣៩កញ្ចប់ថង់។
២.គ្រឿងញៀន ប្រភេទទឹកគ្រវីចំនួន ០៣កញ្ចប់ថង់។
៣.ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០១។
៤.ដាវកែច្នៃចំនួន ០២ដើម។
៥.ថង់សម្រាប់ច្រកគ្រឿងញៀន និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
ជនសង្ស័យ រួមនិងវត្ថុតាងប្រគល់អោយអធិការដ្ឋាននគរបាលខណ្ឌច្បារមានជ័យ ដើម្បីធ្វើការសាករកបក្ខពួក និងកសាងសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៕