ចាប់ចោរឆក់ទូរស័ព្ទ០២នាក់ ជិះម៉ូតូបែកកង់រត់ចូលវត្ដ ម្ចាស់ដេញតាមទាន់

កំពង់ស្ពឺ៖ រសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ កំលាំងនគរបាលបានទទួលបណ្ដឹងតាមទូរស័ព្ទថាមានករណីលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) តាមផ្លូវលេខ១៤០ ពីត្បូងទៅជើង ដល់ចំណុចភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ជនរងគ្រោះមានឈ្មោះ ឡេង ចិន្ដា ភេទស្រី អាយុ១៧ឆ្នាំ នៅភូមិអង្គតាឯក ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្ដកំពង់ស្ពឺ បានឃេីញមុខសញ្ញាឆក់ទូរស័ព្ទ ០២នាក់ ជិះម៉ូតូត្រឡប់បកក្រោយបញ្រ្ចាសគ្នាវិញ ក្រោយធ្វេីសកម្មភាពឆក់ទូរស័ព្ទដៃរួច ជនរងគ្រោះបានជិះម៉ូតូដេញតាមជនសង្ស័យទាំង ២នាក់ ដោយឃេីញជនរងគ្រោះដេញតាមភ័យជិះម៉ូតូរត់គេច ចៃដន្យស៊យគ្រោះមកដល់ ម៉ូតូបែកកង់ជនសង្ស័យបានរត់ចូលវត្តអង្គទន្លាប់ (ម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០១៥ ផ្លាកលេខ កំពង់ស្ពឺ1F-5912 )។

ជនសង្ស័យទាំង២មានឈ្មោះ
១-ឈ្មោះ ឆន ឧត្តម ហៅចាស់ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃកន្ទាច សង្កាត់សុព័រទេព ក្រុងច្បារមន ។
២-ឈ្មោះ អ៊ំ សុភាព ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិថ្លុកឈើទាល សង្កាត់សុព័រទេព ក្រុងច្បារមន ។

ស្របពេលកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ជំនាញអធិការដ្ឋាននគរបាលស្រុក បានចេញអន្ដរាគមន៍ទាន់ពេលវេលា និងបានឃាត់ខ្លួនជនល្មើសទាំង០២នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ជាលទ្ធផល ជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថាពិតជាបានឆក់ទូរស័ព្ទជនរងគ្រោះពិតប្រាកដមែន ( ទូរស័ព្ទ ម៉ាក OPPO ពណ៌ខ្មៅ ) ។

ករណីនេះ ជំនាញបានធ្វេីការដកហូតវត្ថុតាងទូរស័ព្ទដៃ មួយគ្រឿង ម៉ាក OPPO ម៉ូតូមួយគ្រឿង និងបានយកមកសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង