សមត្ថកិច្ចហៅម្ចាស់ផ្ទះដែលអនុញ្ញាតក្រុមអ្នកញៀនអាប៉ោង បើកលេងដោយខុសច្បាប់ ទៅសួរនាំ និង អប់រំណែនាំ ដោយធ្វើកិច្ចសន្យាហើយ
ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥នេះ លោកវរសេនីយ៍ឯក ឃឹម ផល្លា អធិការ នៃ អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានបញ្ជាក់មកកាន់ទីភ្នាក់ងារសារព័ត៌មានគូលែនដេលីថា កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ សមត្ថកិច្ចបានហៅម្ចាស់ផ្ទះ នៅក្នុងភូមិសាស្រ្តឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ដែលអនុញ្ញាតឲ្យក្រុមអ្នកញៀនអាប៉ោង បើកលេងដោយខុសច្បាប់ ទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំងដើម្បីសួរនាំ និងបានគោរពសុំគោលការណ៍លោកស្នងការ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាដោយមានអាជ្ញាធរភូមិឃុំចូលរួចហើយ ប៉ុន្តែចំពោះអ្នកលេងអាប៉ាងខុសច្បាប់ទាំងនោះ ពុំមានការបញ្ជាក់ណាមួយថាបានឃាត់ខ្លួន ឬអនុវត្តនិតិវិធីបែបណានោះទេ បើទោះបីជាមានរូបថតអំពីសកម្មភាព និងមុខមាត់ច្បាស់របស់ក្រុមអ្នកលេងល្បែងដែលប្រជាពលរដ្ឋបានផ្ញើរមកយ៉ាងណាក៍ដោយ។
លោកវរសេនីយ៍ឯក ឃឹម ផល្លា អធិការ នៃ អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បញ្ជាក់ខ្លីថា អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម សូមជូនព័ត៌មានបន្ថែមពាក់ពន្ធ័នឹងករណីខាងលើ ទីតាំងនោះគឺបានបញ្ឈប់សកម្មភាពចាប់តាំងពីយប់ដែលកម្លាំងចុះទៅ ។ សមត្ថកិច្ចយើងបានហៅម្ចាស់ផ្ទះមកប៉ុស្ដិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំងដើម្បីសួរនាំ និងបានគោរពសុំគោលការណ៍លោកស្នងការធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាដោយមានអាជ្ញាធរភូមិឃុំចូលរួម។
សូមរំលឹកជូនផងដែរថា កាលពីយប់ថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា ល្បែងស៊ីសង អាប៉ាងខុសច្បាប់ នៅតែបន្តមានការលួចលាក់លែង យ៉ាងអាណាធិបតេយ្យ នៅក្នុង ភូមិចុងស្រុកហៅភូមិថ្មី(អាចមានការចល័ត) ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ខណៈសមត្ថកិច្ចមូលដ្ឋានមិនបានអនុវត្តតាមច្បាប់ស្ដីពីគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព នោះឡើយ។
ភ្លាមៗនោះ លោកវរសេនីយ៍ឯក ឃឹម ផល្លា អធិការនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមបានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានពាក់ពន្ធ័នឹងល្បែងសុីសងខាងលើ លោកអធិការបានដាក់ផែនការ និងចាត់កម្លាំងទៅពិនិត្យ ។ នាយប់នេះ(០៦ ឧសភា ២០២៥) បានចុះទៅដល់ទីតាំងជាក់ស្ដែងពិនិត្យឃើញថា ទីតាំងនោះបានបិទភ្លើង ហើយមិនមានមនុស្សនៅទេ ។ យ៉ាងណា ថ្ងៃស្អែក នឹងបន្តនីតិវិធីជាមួយម្ចាស់ផ្ទះ៕