ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្តារប្រឡាយ និងការងារជួសជុលទំនប់អាងទឹក ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
នៅថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាពត្រួតពិនិត្យគម្រោង ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដោយមានការចូលរួមពីលោកអនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេសរបស់នាយកដ្ឋានវិស្វកម្ម បានដឹកនាំក្រុមការងាររបស់អង្គភាពចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារស្តារប្រឡាយតាហោ ស្ថិតក្នុងស្រុកបារាណ៍ ដែលសម្រេចបានប្រមាណ៨៥% ការងារស្តារប្រឡាយរងបន្ទាយស្ទោង ដែលសម្រេចបានប្រមាណ៨៥% និងជួសជុលទំនប់អាងទឹកពាម(ជំហាន២) ស្ថិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ សម្រេចបានប្រមាណ៧០% ។
សូមជម្រាបថា ការងារសំខាន់ៗ របស់គម្រោងរួមមាន៖
ទី១)គម្រោងស្តារឡើងវិញប្រឡាយមេតាហោមានដូចជា៖ ស្តារប្រឡាយចំនួន ១ខ្សែប្រវែង ៣១៥០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុបចំនួន ៣កន្លែង ក្នុងនោះមាន ជួសជុលសំណង់ស្ទាក់ទឹកដែលមានស្រាប់ចំនួន ១កន្លែង សាងសង់សំណង់លូយកទឹកចំនួន ១កន្លែង និងសំណង់ស្ទាក់ទឹកចំនួន ១កន្លែង។
ទី២)គម្រោងស្តារប្រឡាយរងបន្ទាយស្ទោង(ជំហាន១)មានដូចជា៖ ស្តារព្រែកធម្មជាតិប្រវែង ៤០០ម៉ែត្រ ស្តារប្រឡាយរងចំនួន១ខ្សែប្រវែង ៣០០០ម៉ែត្រ សាងសង់សំណង់ជើងទេរបេតុងការពារច្រាំងព្រែកប្រវែង ៣០ម៉ែត្រ និងសំណង់សិល្បការ្យសរុបចំនួន៥កន្លែង ក្នុងនោះមាន សំណង់ទ្វារទឹកចំនួន ៣កន្លែង សំណង់លូមូលដោះទឹកចំនួន ២កន្លែង។
ទី៣)គម្រោងជួសជុលទំនប់អាងទឹកពាម(ជំហាន២) មានដូចជា៖ ជួសជុលទំនប់ដីចំនួន ២ខ្សែប្រវែង ៦០០០ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យសរុបចំនួន ៧កន្លែង ក្នុងនោះមាន សំណង់លូចម្លងចំនួន ១កន្លែង សំណង់លូជ្រុងចំនួន ៤កន្លែង និងសំណង់ទ្វារទឹកចំនួន ២កន្លែង។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាននៅពេលនេះ ព្រមទាំងបានណែនាំដល់ដល់ក្រុមការងារអនុវត្តគម្រោងឱ្យបន្តពង្រឹងលើគុណភាព សោភ័ណភាព ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក ឱ្យប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រ និងចូលរួមថែរក្សាប្រព័ន្ធនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព និងការប្រើប្រាស់ប្រចាំថ្ងៃជូនប្រជាពលរដ្ឋបានយូរអង្វែង៕