សង្ស័យបែកថ្នាំ បុរសម្នាក់បានកាប់ប្លន់បុរសម្នាក់ទៀត បណ្តាលអោយរងរបួសជាច្រើនកន្លែង…

ខេត្តបាត់ដំបង៖ កាលពី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ បុរសម្នាក់ត្រូវបានជនសង្ស័យធ្វើការកាប់ប្លន់បណ្តាលអោយរងរបួសជាច្រើនកន្លែងរងរបួសធ្ងន់ ខណៈនៅពេលដែលជនរងគ្រោះខាងលើដឹកប្រេងម៉ាសូតទៅអោយអតិថិជននៅវាលស្រែមួយកន្លែងស្ថិតនៅចំណុចទួលទ្រាផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិច្រាំងខ្ពស់ ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង ។

តាមសម្តីរបស់ជនរងគ្រោះឈ្មោះ គឿន ភារ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ បានបញ្ជាក់ថា នៅមុនពេលកើតហេតុគាត់បានជិះម៉ូតូអូសរទះដឹកប្រេងម៉ាសូតទៅអោយគេនៅស្រែ លុះត្រឡប់វិញដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែជនសង្ស័យប្រដាប់ដោយកាំបិត បានហក់មកទាញកាបូបលុយដែលគាត់ស្ពាយនៅចំហៀងខ្លួន លុះដណ្តើមមិនបានសម្រេចជនសង្ស័យបានធ្វើការកាប់ទៅលើជនរងគ្រោះតែម្តង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានលោក រិទ្ធ ត្រូវជាអនុភូមិព្រមទាំងក្រុមគ្រួសារដឹកយកមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងភ្លាមៗផងដែរ ។
ចំណែកជនសង្ស័យសមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថាឈ្មោះ ឌឹម សន ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិឃុំជាមួយជនរងគ្រោះហើយក៏ជាមនុស្សបែកថ្នាំផងដែរ។ហើយក្រោយពេលកើតហេតុ កម្លាំងជំនាញព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលបាសាក់ចុះធ្វើការស្រាវជ្រាវកំណត់មុខសញ្ញារហូតឃាត់ខ្លួនបានជាមួយវត្ថុតាងកាំបិតដែលធ្វើសកម្មភាព០១ដើម ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបន្តនីតិវិធីច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង