មន្រ្តីពេទ្យសត្វខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យសត្វ និងផ្សព្វផ្សាយដល់សមត្ថកិច្ចជាប់ព្រំដែន ជួយទប់ស្កាត់ ការលួចនាំចូលសត្វដោយខុសច្បាប់
បន្ទាយមានជ័យ៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ លោក ហ៊ុយ ទូច មន្រ្តីជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានដឹកនាំមន្រ្តីចុះពង្រឹងការងារត្រួតពិនិត្យសត្វពាហនៈនាំចូលពីប្រទេសថៃ ដើម្បីអនុវត្តតាមខ្លឹមសារសេចក្តីណែនាំប្រកាសព័ត៌មាន ស្តីពីការកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហានៈនៅប្រទេសថៃ និងផ្សព្វផ្សាយជាមួយសមត្ថកិច្ចកងការពារព្រំដែន ឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ ។
លោក ហ៊ុយ ទូច ប្រធានការិល័យបសុពេទ្យ នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បន្ទាប់ពីទទួលបានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ចុះថ្ងៃទី៦ ខែឧសភា ២០២៥ ស្ដីពីករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ លើសត្វពាហនៈនៅក្នុងប្រទេសថៃ និងការដាក់ឲ្យអនុវត្តការហាមឃាត់ជាបណ្ដោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។
លោកបានដឹកនាំមន្ត្រីជំនាញនៃការិយាល័យបសុពេទ្យ ចុះធ្វើការប្រាស័យទំនាក់ទំនងជាមួយក្រុមហ៊ុននាំចូលសត្វគោក្របីចំនួនពីរក្រុមហ៊ុន ឱ្យផ្អាកការបញ្ជាទិញ និងផ្អាកការនាំចូលគោក្របីពីប្រទេសថៃ រង់ចាំការណែនាំថ្មីពីក្រសួងកសិកម្ម។
ជាមួយនឹងការចុះទំនាក់ទំនងនេះមន្រ្តីបសុពេទ្យបានធ្វើការត្រួតពិនិត្យសត្វគោកក្របីដែលក្រុមហ៊ុនបាននាំចូលមុនសេចក្តីជូនដំណឹងនៅតាមក្រោលនីមួយៗ គឺឃើញថា សត្វគោរក្របីទាំងនោះមានសុខភាពល្អពុំមានជំងឺអ្វីឡើយ ទើបអនុញាតអោយដឹកឆ្លងកាត់ទៅប្រទេសវៀតណាម។
ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព មន្ត្រីជំនាញរបស់លោកក៏បានធ្វើការផ្សព្វផ្សាយជាមួយនឹងសមត្ថកិច្ចកងការពារព្រំដែនឲ្យជួយអន្តរាគមន៍ទប់ស្កាត់ការលួចនាំចូលសត្វដោយខុសច្បាប់ផងដែរ។ ក្រៅពីការទប់ស្កាត់នៅតាមព្រំដែនជាមួយក្រុមហ៊ុននាំចូល មន្ត្រីបានធ្វើការចុះត្រួតពិនិត្យស្ថានភាពសុខភាពសត្វ គោ ក្របី ជ្រូក នៅតាមសត្តឃាតដ្ឋានជាប្រចាំមុនចូលពិឃាតដើម្បីធានាថាសត្វគ្មានជំងឺឆ្លង ដើម្បីការពារដល់អ្នកទទួលទានសាច់ក្នុងខេត្តឃើញថា សត្វទាំងអស់នេះ មានសុខភាពល្អជាធម្មតាទេ ពុំមានអ្វីគត់សំគាល់នោះឡើយ ។
លោក ហ៊ុយ ទូច បានបន្តទៀតថា លោកបានធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករ និងភ្នាក់ងារពេទ្យសត្វភូមិ ត្រូវតាមដានសុវត្ថិភាពសត្វគ្រប់ពេល ដឹងរាយការណ៍ មកអាជ្ញាធរដែនដី និងមន្ត្រីពេទ្យសត្វ ឲ្យបានទាន់ពេលដើម្បីគ្រប់គ្រង ស្ថានភាព បាននៅពេលមានជំងឺឆ្លងកើតឡើងជាយថាហេតុ ៕