ឃុំខ្លួនបុរសម្នាក់ ពីបទ ដឹកជញ្ជូនផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត នៅខេត្តមណ្ឌលគិរី

សាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសម្នាក់ ពីបទ«ដឹកជញ្ជូនផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត» ក្រោយជនត្រូវចោទរូបនេះ ព្យាយាមដឹកជញ្ជូនឈើដោយខុសច្បាប់ និងគ្មានលិខិតអនុញ្ញាត ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ឈ្មោះ ត្រែត រ័ត្ន ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មានទីកន្លែងកំណើតនៅភូមិអូរអាម ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ចំណែករថយន្តដែលដឹកជញ្ជូនបទល្មើស ម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-5789។
បទល្មើសនេះដែរ ក្រោយពីសមត្ថកិច្ចឃាត់រថយន្ត និងអ្នកបើកបរបញ្ជូនទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ ថ្មីៗ នេះ បុរសដែលដឹកបទល្មើសព្រៃឈើនេះ ត្រូវសាលាដំបូងខេត្តមណ្ឌលគិរី ចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ ត្រែត រ័ត្ន ពីបទ«ដឹកជញ្ជូនផល និងអនុផលធនធានធម្មជាតិ ដោយគ្មានការអនុញ្ញាត» ដែលប្រព្រឹត្តនៅភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៥ បទល្មើសព្រហ្មទណ្ឌដែលបានចែង និងបញ្ញត្តិឲ្យផ្ដន្ទាទោសតាមមាត្រា ៨៥០ ចំណុច «ង» នៃក្រមបរិស្ថាន និងធនធានធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង